ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថវិការបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថវិការបស់សមាគមន៍បុគ្គលិកក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពរបស់លោក អ៊ុង ថៃ

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង រួមនឹងមន្រ្តីរាជការរបស់មន្ទីរ បានចូលរួមបុណ្យសព លោក អ៊ុង ថៃ ជានិវត្តន៍ជន ទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់គាត់ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ថវិកាដែលបាននាំយកចូលរួមបុណ្យសពនាពេលនោះមានថវិការបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៤០ម៉ឺនរៀល ថវិការបស់សមាគមន៍បុគ្គលិកក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៤លានរៀល និងថវិការបស់លោក ឆាយ លាភា ផ្ទាល់ ចំនួន ២លានរៀល ព្រមទាំងថវិការបស់មន្រ្តីរាជការនៃមន្ទីរ ចំនួន ៩៥ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម កែវ ពៅ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណខន្ធសពបានដល់ឋានសុគតិភព។ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ និងគោរពជូនពរដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ឯកឧត្តម កែវ ពៅ និងលោក ឆាយ លាភា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការមន្ទីរទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕