ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃពុធ ១០កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោក ស្នងការរង លោកអនុប្រធានផែន លោក នាយការិយាល័យ លោកអធិការក្រុង/ស្រុកទាំង៥ លោក មេបញ្ជាការវរសេនាតូចទាំង២ និងលោក នាយប៉ុស្តិ៍ទាំង២៤ សរុប ចំនួន ៨១នាក់។ លោកឧត្តមសេនីយ៍ត្រី ស្នងការ បានណែនាំ និងសង្កត់ធ្ងន់ថា ក្នុងនាមជាមន្រ្តីនគរបាលអនុវត្តន៍ច្បាប់ត្រូវតែគោរពវិន័យលេខ០០៦.ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញល្បាតចល័តជាប្រចាំក្នុងភូមិសាស្រ្តដែលងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់កាត់បន្ថយបទល្មើសផ្សេងៗក្នុងមូលដ្ឋានខេត្ត និងជម្រុញឲ្យលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្រុង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បន្តយកចិត្តទុកដាក់ គ្រប់គ្រងកងកំលាំងមន្ត្រីក្រោមឱវាទ អោយបានល្អ។ និង រៀបចំកន្លែងទុកដាក់អាវុធជាតិផ្ទុះ អោយបានត្រឹមត្រូវល្អ (មានទូរ ចាក់សោរ អាវុធ) ហើយជាពិសេសត្រូវផ្តល់សេវាសាធារណៈជូន បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការពារសុខមាលភាពមន្រ្តីនគរបាល និងក្រុមគ្រួសារត្រូវអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃនិងសាប៊ូ ជែល ឬទឹកអាល់កុលមុនចូលធ្វើការផងដែរ។

 ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងប្រគល់លិខិតតថ្លែងអំណរគុណដល់លោកស្នងការរង លោកនាយ នាយការិយាល័យដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមក្នុងការកសាងអង្គភាពផងដែរ។