ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសថាខ្លួនត្រៀមរួចរាល់ក្នុងការបន្តកិច្ចព្រមព្រៀងគ្រប់គ្រប់អាវុធជាមួយអាមេរិក

CNA៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ដោយដកស្រង់សម្តីអ្នកការទូតកំពូលរបស់រុស្ស៊ីដែលបានលើកឡើងកាលពីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះបានឲ្យដឹងថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងយ៉ាងរហ័សមួយ ជាមួយរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិកលោក ចូបៃ ដិន ដើម្បីបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ (New START) ដែលនឹងត្រូវផុតសុពលភាពក្នុងរយៈពេលតែជាង ២សប្តាហ៍ទៀតប៉ុណ្ណោះ។

សូមជម្រាបថា ដំណើរការពិភាក្សាជាច្រើនខែរវាង រដ្ឋាភិបាលរុស្ស៊ី និងរដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការពន្យាពេលសន្ធិសញ្ញា New START (Strategic Arms Reduction Treaty) បានទទួលបរាជ័យ ក្នុងសម្របសម្រួលការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ខណៈដែលកិច្ចព្រមព្រៀងនេះ នឹងផុតសុពលភាពនៅថ្ងៃទី ០៥ ខែកុម្ភៈខាងមុខនេះ។

ទោះជាយ៉ាងនេះក្តី អនាគតប្រធានាធិបតីទី៤៦ លោក Joe Biden ធ្លាប់បាននិយាយគាំទ្រការអភិរក្សសន្ធិសញ្ញានេះ ព្រោះវាត្រូវបានចរចាក្នុងអំឡុងពេលដែលលោកកាន់តួនាទីជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានមានប្រសាសន៍ថា <<ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងឆាប់រហ័ស ក្នុងការរក្សាកិច្ចព្រមព្រៀងនេះ>>។

លោក Lavrov បានបន្តថា <<អាទិភាពសំខាន់បំផុត គឺថាធ្វើយ៉ាងណាយើងអាចគ្រប់គ្រងស្ថានភាពមិនប្រក្រតីណាមួយ ក្នុងការគ្រប់គ្រងអាវុធ។ យើងបានដឹងអំពីចេតនារបស់រដ្ឋបាលលោក ចូ ប៉ៃដិន ក្នុងការបន្តកិច្ចពិភាក្សាលើបញ្ហានេះ ហើយព្យាយាមយល់ព្រមលើការបន្តសុពលភាពសន្ធិសញ្ញានេះ មុនពេលវាផុតកំណត់ នៅថ្ងៃទី០៥ ខែកុម្ភៈ។ យើងកំពុងរង់ចាំសំណើជាក់លាក់ណាមួយ ខណៈដែលជំហររបស់យើង គឺត្រូវបានគេដឹងយ៉ាងច្បាស់>>។

គួរជម្រាបថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) និងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barak Obama) ហើយគោលដៅរបស់សន្ធិសញ្ញានេះ គឺធ្វើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕