បច្ចេកវិទ្យា

IBM បានដាក់បង្ហាញអំពីបច្ចេកវិទ្យាបន្ទះឈីបទំហំ ២ ណាណូម៉ែត្រដំបូងបង្អស់លើលោកដែលអាចធ្វើឲ្យទូរសព្ទកាន់ថ្មបានរហូតដល់ ០៤ ថ្ងៃ

CR៖ បច្ចុប្បន្ននេះ ទូរសព្ទនិងឧបករណ៍ឆ្លាតវៃលំដាប់កំពូលៗដែលកំពុងចរាចរណ៍លើទីផ្សារភាគច្រើនត្រូវបានបំពាក់ជាមួយបន្ទះឈីបជំនាន់ចុងក្រោយបំផុតទំហំ ៥ ណាណូម៉ែត្រ (nm) ដែលមានកម្លាំងកាន់តែខ្លាំងនិងថែមទាំងអាចជួយសន្សំថាមពលថ្មបានកាន់តែល្អប្រសើរជាងជំនាន់មុនៗផងដែរ ដោយសារតែទំហំរបស់វាកាន់តែតូចទៅៗពីមួយជំនាន់ទៅមួយជំនាន់។

ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន IBM ទើបតែបានធ្វើការដាក់បង្ហាញបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីមួយទៀត ដែលមានទំហំត្រឹមតែ ២ ណាណូម៉ែត្រ (nm) ប៉ុណ្ណោះ ហើយវាអាចផ្ដល់ជូនអត្ថប្រយោជន៍កាន់តែពិសេសជាងជំនាន់មុនៗទៅទៀត។

យោងតាមការអះអាងរបស់ IBM ផ្ទាល់តែម្ដងបានឲ្យដឹងថា បន្ទះឈីបទំហំ ២ ណាណូម៉ែត្រ (nm) ខាងលើនេះ នឹងអនុញ្ញាតឲ្យទូរសព្ទឫឧបរកណ៍ឆ្លាតវៃទូទៅអាចកាន់ថ្មបានរហូតដល់ទៅ ០៤ ថ្ងៃឯណោះ។ លើសពីនេះ IBM ក៏បានគូសបញ្ជាក់ផងដែរថា វានឹងពង្រឹងលើផ្នែកសមត្ថភាពរហូតដល់ ៤៥ ភាគរយដើម្បីអាចឲ្យម៉ាស៊ីនអាចដំណើរការបានរលូនជាងមុន និងអាចសន្សំថាមពលបានរហូតដល់ខ្ទង់ ៧៥ ភាគរយថែមទៀតផង។

គួរបញ្ជាក់ជូនថា ទោះបីជាមានគុណសម្បត្តិដូចដែលបានលើកឡើងខាងលើយ៉ាងណាក្តី នេះមិនមែនមានន័យថាបន្ទះឈីបទំហំដ៏តូចខាងលើនេះ នឹងអាចត្រូវបានបំពាក់លើទូរសព្ទឆ្លាត ឬឧបករណ៍ឆ្លាតវៃនានាក្នុងពេលឆាប់ៗនេះបាននោះទេ ពោលគឺគេអាចត្រូវចំណាយពេលប៉ុន្មានឆ្នាំខាងមុខទៀត ទើបអាចសម្រេចចេញជាផលិតផលចុងក្រោយសម្រាប់ការប្រើប្រាស់។

មួយវិញទៀត ក្រៅពីបំពាក់លើទូរសព្ទនិងឧបករណ៍ឆ្លាតវៃ IBM ក៏បានរំពឹងទុកថានឹងប្រើប្រាស់បច្ចេកវិទ្យាឈីប ២ ណាណូម៉ែត្រ (nm) ថ្មីនេះ នៅលើកុំព្យូទ័រយួរដៃ និងអាចរហូតដល់ប្រភេទរថយន្ដស៊េរីទំនើបៗដែលអាចបើកបរដោយស្វ័យប្រវត្តិក្នុងពេលអនាគតខាងមុខនេះថែមទៀតផង៕