ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងប្រដាប់អាវុធកម្ពុជា​ និងថៃ ជួបពិភាក្សាផ្លាស់ប្ដូរព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីរក្សាបាននូវសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន នៃច្រកតំបន់៤០០

ខេត្តបាត់ដំបង៖​ នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ បានចាត់កម្លាំងប៉ុស្តិ៍ការពារព្រំដែនច្រកតំបន់៤០០ ចំនួន៩នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ិ សារឿន នាយរងប៉ុស្តិ៍ច្រកតំបន់៤០០ សហការជាមួយកម្លាំងយោធាកងល្បាត ៥០២ ចំនួន០៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ីម ឡេង ធ្វើការល្បាតណាត់ជួបជាមួយទាហានឈុតខ្មៅថៃកងល្បាត ៥១៤ ដឹកនាំដោយលោកពលបាលឯក សិរិ មេក្រុមកងល្បាត៥១៤ នៅចំណុចតំបន់៤០០ នៃភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដែលលបលួចឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសំឡូត និងដើម្បីរឹតចំណងសាមគ្គីភាព រវាងកងកម្លាំងប្រដាប់អាវុធទាំងពីរក្នុងភូមិសាស្ត្រ ជាមួយការផ្លាស់ប្ដូរព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីរក្សាបាននូវសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនផង។