ព័ត៌មានផ្សេងៗបច្ចេកវិទ្យា

Apple ជាប់ឈ្មោះជាក្រុមហ៊ុនដំបូងគេក្នុងលោកដែលមានតម្លៃរហូតដល់ទៅ ៣ លានលានដុល្លារ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រាថ្មីមួយទៀតដោយបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីកើនតម្លៃរហូតដល់ ៣ ទ្រីលាន (លានលាន) ដុល្លារ ដោយមិនធ្លាប់មានក្រុមហ៊ុនណាមួយបានឈានទៅដល់នៅឡើយទេ។

សូមជម្រាបថា ការបំបែកកំណត់ត្រារបស់ក្រុមហ៊ុន Apple ខាងលើនេះ គឺដោយសារតែតម្លៃនៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ មានការកើនឡើងខ្ពស់កាលពីឆ្នាំ ២០២១ ពោលគឺកើនឡើងក្នុងកម្រិតរហូតដល់ទៅ ៤០ ភាគរយឯណោះ។

ជាងនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុន Apple ចំណាយពេលត្រឹមតែ ១៦ ខែប៉ុណ្ណោះដើម្បីឡើងគ្រងទៅតំណែងជាក្រុមហ៊ុនដែលមានតម្លៃខ្ទង់ ៣ ទ្រីលានដុល្លារមុខគេក្នុងលោក បន្ទាប់ពីក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃ ២ ទ្រីលានដុល្លារដំបូងគេ ហើយបើគិតចាប់តាំងពីក្រុមហ៊ុននេះឈានពីតម្លៃ ១ ទ្រីលានដុល្លារ រហូតដល់ ៣ ទ្រីលានដុល្លារនេះ គឺមានរយៈពេលតែប្រមាណ ៣ ឆ្នាំកន្លះប៉ុណ្ណោះ។

គួរជម្រាបជូនដែរថា នៅក្នុងឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Apple នឹងព្យាយាមបង្កើនភាពជោគជ័យបន្ថែមទៀត ដោយកន្លងមកធ្លាប់មានដំណឹងថា ក្រុមហ៊ុននេះគ្រោងនឹងប្រកាសចេញផលិតផលប្រភេទថ្មីសម្រាប់យីហោរបស់ខ្លួន ដែលអាចជាផលិតផល AR/VR ដែលជាបច្ចេកវិទ្យាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ទន្ទឹមគ្នានេះដែរ Apple ក៏អាចនឹងប្រកាសចេញផលិតផលថ្មីៗជាច្រើនទៀត ដែលអាចមានដូចជា កុំព្យូទ័រ Mac ជំនាន់ថ្មី យ៉ាងហោចណាស់ ៥ ម៉ូឌែល, iPad Pro ដែលភ្ជាប់មកជាមួយការរចនាថ្មី, AirPods Pro ជំនាន់ថ្មី ក៏ដូចជា iPhone ជំនាន់ថ្មីផងដែរ៕

7 thoughts on “Apple ជាប់ឈ្មោះជាក្រុមហ៊ុនដំបូងគេក្នុងលោកដែលមានតម្លៃរហូតដល់ទៅ ៣ លានលានដុល្លារ

Comments are closed.