ទេសចរណ៍

ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ ខេត្តពោធិ៍សាត់ នៅតែបន្តទទួលចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តជាង២ម៉ឺននាក់

ពោធិ៍សាត់៖  ចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ កាលពីថ្ងៃអាទិត្យ៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៤,៧៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៤,៧៣៩នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងមានចំនួន២នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៤២០ ខែកុម្ភ: ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប២៤,៧៤១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៤,៧៣៩នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០២នាក់។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ,៤១% (ទេសចរសប្តាហ៍មុន មានចំនួន ២៤,៨៤៥នាក់)សម្រាប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប៤,៤៦១នាក់ ក្នុងនោះស្រី២,៣៤០នាក់) បើប្រៀបធៀបនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹង៥,៣១%  

ប្រភពដដែលបានបន្តទៀតថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៤៨៦នាក់ ស្រី១៧៨នាក់ បើប្រៀបធៀបនឹងថ្ងៃទី១៩ ស្មើនឹង៥,៦៥% សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨៨០នាក់ ស្រី៣៦៨នាក់ បើប្រៀបធៀបនឹងថ្ងៃទី១៩ ស្មើនឹង១,៦១%

ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ តាមការសង្កេតជាក់ស្តែង ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ មិនសូវមានចំនួនច្រើន ដូចសប្តាហ៍កន្លងមកទេ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្ត និងភ្ញៀវឆ្លងខេត្តជិតៗគ្នាតែប៉ុណ្ណោះ។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍និងមូលដ្ឋានអាជីវកម្មទាំងអស់ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរ កុំឱ្យមានកកកុញ ឬប្រមូលផ្តុំច្រើន ពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖ ខេត្តព្រះសីហនុ ៤៥,២១៦នាក់ រាជធានីភ្នំពេញ ២៤,៨០៤នាក់ ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់ ខេត្តបាត់ដំបង ២២,៨៤២នាក់ ខេត្តសៀមរាប១៦,៥៦៧នាក់ ខេត្តកំពត ១៤,៧៤៦នាក់៕