ព័ត៌មានអន្តរជាតិ

គិតត្រឹមពេលនេះ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែនដោយសារសង្រ្គាមបានកើនឡើងដល់ ៦០ ពាន់លានដុល្លារហើយ

(ធនាគារពិភពលោក)៖ តាមការបញ្ជាក់ពីប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ មេសាកន្លងទៅនេះ បានឲ្យដឹងថា គិតត្រឹមពេលនេះ ការខូចខាតសំណង់អគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលមកពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ី បានកើនឡើងដល់ទំហំប្រមាណ ៦០ ពាន់លានដុល្លារហើយ ដែលចំនួននេះនឹងមានការកើនឡើងថែមទៀត ខណៈដែលសង្រ្គាមនៅតែបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងរបស់លោក ម៉ាល់ប៉ាស់ (Malpass) ខាងលើ ត្រូវបានធ្វើឡើងក្នុងអំឡុងសន្និសីទមួយរបស់ធនាគារពិភពលោកស្តីពី តម្រូវការជំនួយផ្នែកហិរញ្ញវត្ថុរបស់អ៊ុយក្រែន ដោយលោកក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ស្មានជាបឋមនេះ គឺមិនទាន់រាប់បញ្ចូលនូវទំហំសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដែលកំពុងទទួលរងការខាតបង់កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារសង្រ្គាមឡើយ។ លើសពីនេះ បើតាមលោក ម៉ាល់ប៉ាស់ (Malpass) ការខាតបង់ទាំងនេះ នឹងបន្តកើនឡើងថែមទៀត ខណៈសង្រ្គាមនៅតែបន្ត។

គួរបញ្ជាក់ថា ក្នុងសន្និសីទខាងលើ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានធ្វើការថ្លែងសារតាមរយៈវីដេអូផងដែរ ដោយលោកបានអះអាងថា ប្រទេសរបស់លោក ត្រូវការជំនួយរហូតដល់ ៧ ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្តារការខាតបង់ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដោយឡែក នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស ស្មីហាល់ (Denys Shmyhal) ដែលបានចូលរួមសន្និសីទរបស់ធនាគារពិភពលោកខាងលើដោយផ្ទាល់នោះ បានលើកឡើងថា ផលិតផលដុលក្នុងស្រុកសរុប ឫ GDP របស់អ៊ុយក្រែន អាចនឹងថយចុះក្នុងអត្រា ៣០-៥០ភាគរយ ជាមួយការខាតបង់ដោយផ្ទាល់និង ប្រយោលដែលមានចំនួនសរុបរហូតដល់ ៥៦០ ពាន់លានដុល្លារគិតត្រឹមពេលនេះ ខណៈដែលចំនួននេះគឺស្មើនឹង ៣ ដងធំជាង ទំហំសេដ្ឋកិច្ចរបស់អ៊ុយក្រែនកាលពីឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់សរុប ១៥៥.៥ពាន់លានដុល្លារ ។ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក៕

ប្រភព៖ Reuters, FN