ព័ត៌មានអន្តរជាតិ

ដាណឺម៉ាកសន្យាបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងទៅឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសដាណឺម៉ាកបានសន្យាបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងឈ្មោះ ហាពូន (Harpoon) រួមជាមួយប្រព័ន្ធបាញ់មីស៊ីលមួយគ្រឿងទៅឲ្យអ៊ុយក្រែន ដែលនេះគឺការផ្តល់ជំនួយជាសព្វាវុធលើកដំបូងបំផុតរបស់ប្រទេសអឺរ៉ុបមួយនេះ គិតចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈមក ហើយវាបានបង្ហាញថា ទីក្រុងកៀវនឹងទទួលបានសព្វាអាវុធ ដែលនឹងជួយពង្រីកចម្ងាយនៃសមត្ថភាពវាយប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងលើកឡើងខាងលើ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានរៀបរាប់ថា រូបលោកសូមអរគុណជាពិសេស ចំពោះដាណឺម៉ាក ដែលបានប្រកាសថា នឹងផ្តល់មីស៊ីល ហាពូន (Harpoon)  រួមជាមួយប្រព័ន្ធសម្រាប់បាញ់មីស៊ីល០១គ្រឿង ដើម្បីជួយអ៊ុយក្រែនក្នុងការការពារព្រំដែនឆ្នេរ។

សូមជម្រាបថា មីស៊ីល ហាពូន (Harpoon)  ដែលផលិតដោយក្រុមហ៊ុន ប៊ូអ៊ីង (Boeing) របស់អាមេរិក អាចអនុញ្ញាតឲ្យអ៊ុយក្រែនយកទៅប្រើប្រាស់ ដើម្បីរុញច្រានក្រុមនាវាចម្បាំងរបស់រុស្ស៊ីឱ្យចេញពីកំពង់ផែនៅឯសមុទ្រខ្មៅ ដែលជាលទ្ធផល វានឹងអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មដទៃទៀត អាចបន្តដំណើរវិញឡើងវិញ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អាមេរិកបាននិងកំពុងប្រឹងប្រែង ដើម្បីជួយផ្ទេរមីស៊ីលប្រឆាំងនាវា ដែលអាចបាញ់បានចម្ងាយលើសពី ១០០គីឡូម៉ែត្រ ឱ្យទៅអ៊ុយក្រែន ស្របពេលកំពង់ផែរបស់អ៊ុយក្រែន ត្រូវបានបិទខ្ទប់ដោយនាវាយោធារុស្ស៊ី។

គួរបញ្ជាក់ថា កន្លងមកនេះ អ៊ុយក្រែនបានព្យាយាមស្វែងរកជំនួយសព្វាវុធទំនើបៗបន្ថែមទៀត ដូចជាប្រព័ន្ធការពារដែនអាកាស, មីស៊ីលប្រឆាំងនាវាចម្បាំង រួមជាមួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយផងដែរពីប្រទេសនានា ប៉ុន្តែមកទល់ឥឡូវ ជំនួយយោធាដែលប្រទេសនេះទទួលបានភាគច្រើនគឺជា ប្រព័ន្ធមីស៊ីលចម្ងាយខ្លីដូចជា មីស៊ីលប្រឆាំងរថក្រោះ ចាវេលីន (Javelin) ហើយនិងកាំភ្លើងធំជាដើម៕

ប្រភព៖ Reuters, FN