ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ការងារ ២០ ម៉ឺនកន្លែងសម្រាប់ ស្រីលង្កា ក្នុងឆ្នាំ២០២៣

(កូឡុំបូ)៖ តាមការលើកឡើងរបស់រដ្ឋមន្ត្រីការងារស្រីលង្កា លោក ម៉ានូហ្សា ណាណាយ៉ាការ៉ា (Manusha Nanayakkara) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលពលករស្រីលង្ការហូតដល់ ២០០,០០០នាក់នៅឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

ប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក ណាណាយ៉ាការ៉ា (Nanayakkara) រៀបរាប់ថា កាលពីឆ្នាំ២០២២ អារ៉ាប៊ីសាអូឌីតបានផ្តល់ការងារចំនួន ៥៤,០០០កន្លែងដល់ប្រទេសស្រីលង្កា ដោយលោកបានបញ្ជាក់ថា ប្រជាជនស្រីសង្កាជាង ៣០០,០០០នាក់បានចំណាកស្រុកទៅរកការងារធ្វើនៅបរទេសក្នុងឆ្នាំ ២០២២ ហើយភាគច្រើននៃពួកគេបានទៅប្រទេសនៅតំបន់មជ្ឈឹមបូព៌ា។

គួរបញ្ជាក់ថា ការផ្ទេរប្រាក់ពីពលករចំណាកស្រុកចូលទៅកាន់គ្រួសារ គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទេសស្រីលង្កា ដោយទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសនេះបានបង្ហាញថា ពលករចំណាកស្រុកស្រីលង្កាបានផ្ទេរប្រាក់ប្រហែល ៣.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕

ប្រភព៖ Xinhua, FN