សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសបណ្ឌិត្យសភានគរបាលកម្ពុជា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

កណ្ដាល ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យដឹងថាវគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នេះជាការអនុវត្តតាមកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ពិសេសស្របតាមការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ចំពោះថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងនឹងជំនាញនគរបាល។ ឯកឧត្តម ឱ្យដឹងទៀតថាសិក្ខាកាមទាំង២វគ្គនេះ បានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន១១៩នាក់ ស្រី២នាក់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋាននានា អង្គភាព មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យទទួលបានជោគជ័យ បន្ថែមលើអ្វីដែលបណ្ឌិត្យសភានគរបាលបានធ្វើជាច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលជាតិ ដើម្បីធានាដល់កិច្ចប្រតិបត្តិការនិងការបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនជាតិ និងប្រជាជន។
សម្ដេចក្រឡាហោម ស ខេង បានយកឱកាសនេះរម្លឹកឡើងវិញនូវអ្វីដែលសម្ដេច ធ្លាប់បានគូសបញ្ជាក់ អំពីការងារកំណែទម្រង់នគរបាលជាតិ ដូចជាការជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ការបណ្ដុះបណ្ដាលនិងបញ្ចូលក្របខណ្ឌ ការតែងតាំងនិងប្រគល់ភារកិច្ច រួមទាំងការតម្លើងស័ក្ដិ និងការដាក់វិន័យជាដើម៕