រដ្ឋបាលរាជធានី-ខេត្ត

ហាងភូមិអេឡិចត្រូនិចសែនមនោរម្យ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើដល់តម្រូវការរបស់អតិថិជន

មណ្ឌលគិរី៖  នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធជាផ្លូវការ ភូមិអេឡិចត្រូនិចសែនមនោរម្យ ដោយមានការចូលរួមពីលោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀរ គ្រុប (G GEAR Gruop) លោក អភិបាលរងខេត្ត ព្រមទាំងលោក អភិបាលក្រុង លោកស្រី អគ្គនាយិកាក្រុមហ៊ុន ភូមិអេឡិចត្រូនិចសែនមនោរម្យ លោកប្រធានតំណាងសាខាក្រុមហ៊ុន ប៉ាណាសូនិច អាស៊ីប៉ាស៊ីហ្វិច មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជីវករជាច្រើនរូបដែលប្រព្រឹត្តទៅនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីហ្គៀរ គ្រុប ក៏ដូចជាក្រុមហ៊ុន ភូមិអេឡិចត្រូនិចសែនមនោរម្យ ដែលបានខិតខំប្រឹងប្រែងបង្កើតឡើងនូវសាខារបស់ក្រុមហ៊ុននៅក្នុងក្រុងសែនមនោរម្យ ដែលបានរៀបចំពិធីសម្ភោធបើកដំណើរការហាងថ្មីភូមិអេឡិចត្រូនិចនាពេលនេះ។

ឯកឧត្តម មានប្រសាសន៍ថា ហាងថ្មី ដែលត្រូវបានសម្ភោធបើកឱ្យដំណើរការនាពេលនេះ មានឈ្មោះថា ហាង ភូមិអេឡិចត្រូនិចគឺជាហាងលក់សម្ភារៈគ្រឿងអេឡិចត្រូនិចចម្រុះគ្រប់ម៉ូត គ្រប់ម៉ាក ដែលមានដំបូងគេនៅក្នុងខេត្តមណ្ឌលគិរីរបស់យើង ដោយក្នុងនោះមានផលិតផលជាច្រើន ដែលជាផលិតផលទំនើប និងមានការគាំទ្រពីអតិថិជន។ ឯកឧត្តម បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំខេត្តសង្ឃឹមថា នឹងមានការនាំចូលនូវផលិតផលដែលមានគុណភាពខ្ពស់ ផលិតផលដែលមានប្រភព និងម៉ាកស្លាកយីហោ ច្បាស់លាស់មានបច្ចេកវិទ្យាទំនើប និងមានការផ្តល់នូវសេវាជួសជុល ថែទាំជូនដល់អតិថិជនឱ្យបានកាន់តែល្អ និងកាន់តែមានភាពងាយស្រួល។

លោក ឧកញ៉ា សុខ ពិសិដ្ឋ លើកឡើងថា ការសម្ភោធហាង ភូមិអេឡិចត្រូនិចសែនមនោរម្យនាពេលនេះ  គឺបានបង្ហាញពីភាពរីកចម្រើននូវវិស័យសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍នៅក្នុងតំបន់យ៉ាងខ្លាំង។

លោក ឧកញ៉ា បន្ថែមថា តាមរយៈការនាំយកអាជ្ញាបណ្ណ ភូមិអេឡិចត្រូនិច មកកាន់ទីនេះ វានឹងក្លាយជាចំណែកមួយជួយជំរុញឱ្យសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដោយជំរុញឱ្យការរស់នៅ និងការប្រកបអាជីវកម្មកាន់តែងាយស្រួល និងបង្កើនប្រសិទ្ធភាព និងផលិតភាពបន្ថែមទៀត ដែលជាផ្នែកមួយជួយឱ្យសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

លោក ឧកញ៉ា បន្តថា អាជីវកម្មអេឡិចត្រូនិចនេះជាលទ្ធផល បានដាក់ដំណើរការភូមិអេឡិចត្រូនិចចំនួន ៤សាខាហើយ ដែលសាខាទី១ នៅរាជធានីភ្នំពេញ ជាហាងគំរូ និងសាខាផ្សេងទៀតមាននៅក្រុងប៉ោយប៉ែត ក្រុងព្រះសីហនុ និងចុងក្រោយ គឺនៅសាខាសែនមនោរម្យនេះតែម្តង។

លោកស្រី ពុំ ចាន់លីណា អគ្គនាយិកាក្រុមហ៊ុន ភូមិអេឡិចត្រូនិចសែនមនោរម្យ បានឱ្យដឹងថា គ្រប់ផលិតផលទាំងអស់នៅក្នុងហាងភូមិអេឡិចត្រូនិច ត្រូវបាននាំចូលដោយក្រុមហ៊ុន ជីហ្គៀរ គ្រុប ពីរោងចក្រផ្ទាល់ ដែលធានានូវគុណភាព តម្លៃ និងសេវាកម្មជូនអតិថិជន។

លោកស្រី បន្តថា ការដាក់ដំណើរការហាង ភូមិអេឡិចត្រូនិច និងជួយផ្តល់ដំណោះស្រាយ ផ្តល់បច្ចេកវិទ្យាទំនើប ទាន់សម័យ ដែលជាការជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីនេះ៕