រដ្ឋបាលរាជធានី-ខេត្ត

ខេត្តបន្ទាយមានជ័យ ប្រជុំស្តីពី ការបោះឆ្នោត និងចាប់លេខរៀង  បេក្ខជន  ឈរឈ្មោះបោះឆ្នោត  សភាពាណិជ្ជកម្ម 

បន្ទាយមានជ័យ ៖ យោងតាមលិខិត  លេខ​៣០៩៦  ពណ.អវឯ ចុះថ្ងៃទី ២៥ ខែតុលា  ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ។ ថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តបន្ទាយមាន មានកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត  និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣  ក្រោមអធិបតីភាព ឯកឧត្តម គឹម សុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លី សារី អភិបាលរងខេត្ត។

លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា ៖ សភាពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ដែលបានដើរតួនាទីពង្រឹងផ្នែកសេដ្ឋកិច្ច  ការនាំចេញ នាំចូលនូវទំនិញគ្រប់ប្រភេទជាពិសេសជួយទ្រទ្រង់ដល់អាជីវករ ពាណិជ្ជករ និងឧស្សាហករមកដល់ពេលនេះអាជីវករ ពាណិជ្ជករបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៦នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១។

ឯកឧត្ដម គឹម សុខសីហា បានមានប្រសាសន៍ថា ៖ ដើម្បីឲ្យមាននូវតម្លាភាព យុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី  អាណត្តិទី៣  ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៦នាក់  ហើយការបោះឆ្នោត ដោយសម្ងាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម បានបន្តថា ៖ ដោយពិនិត្យឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ មានភាពលេចធ្លោខ្លាំងផ្នែកសេដ្ឋកិច្ច មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៃច្រកទ្វារអន្តរជាតិបាននាំទំនិញចេញចូលធ្វើឲ្យខេត្តបន្ទាយមានជ័យមានសេដ្ឋកិច្ចកើនឡើងដូចនេះសមាជិកសភាពាណិជ្ជកម្មថ្មីមានតួនាទីសំខាន់នោះ គឺត្រូវខិតខំបំពេញភារៈកិច្ចរបស់ខ្លួនឲ្យទទួលបាននូវភាពជោគជ័យព្រោះថាមានអាជីវករ ពាណិជ្ជករ ជាច្រើនបាននិងកំពុងចូលរួមបោះឆ្នោតមានទំនុកចិត្តជឿជាក់និងទុកចិត្តបាន៕