ព័ត៌មានអន្តរជាតិ

ជប៉ុននឹងចាត់ថ្នាក់ជំងឺកូវីដ-១៩ក្នុងកម្រិតស្មើនឹងជំងឺផ្តាសាយ ហើយនិងលុបចោលសេចក្តីណែនាំឲ្យពាក់ម៉ាស់

(តូក្យូ)៖ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) កាលពីសប្តាហ៍មុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងលុបចោលសេចក្តីណែនាំឱ្យពាក់ម៉ាស់នៅកន្លែងបិទជិត ហើយនិងកែប្រែចំណាត់ថ្នាក់ផ្នែកវេជ្ជសាស្ត្រចំពោះជំងឺកូវីដ-១៩​ផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP

តាមបញ្ជាក់ពីលោកនាយករដ្ឋមន្រ្តីជប៉ុន ការផ្លាស់ប្តូរនេះនឹងមានប្រសិទ្ធភាពចាប់ពីដើមខែឧសភា ហើយការចាត់ថ្នាក់ជំងឺកូវីដ-១៩ នឹងត្រូវដាក់កម្រិតដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដោយសារស្ថានភាពបច្ចុប្បន្នរបស់វា គឺដូចគ្នាទៅនឹងជំងឺរបេង និងជំងឺ​ សាស៍ (SARS)

លើកឡើងក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីពេលកន្លងទៅ លោក គីហ្ស៊ីដា (Kishida) បាននិយាយយ៉ាងដូច្នេះថា «ទាក់ទងនឹងការពាក់ម៉ាស់ ដោយមិនគិតពីកន្លែងបិទជិត ឬខាងក្រៅទេ ការសម្រេចចិត្តគឺអាស្រ័យលើបុគ្គល»

លោកបានបន្តដោយសង្កត់ធ្ងន់ថា ជប៉ុននឹងបោះជំហានបន្ថែមទៀត ឆ្ពោះទៅរកជីវិតប្រក្រតីជាមួយជំងឺកូវីដ-១៩។

ទោះយ៉ាងណា ការស្ទង់មតិដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗបានបង្ហាញថា មនុស្សភាគច្រើននឹងបន្តពាក់ម៉ាស់សម្រាប់គោលបំណងសុខភាពសាធារណៈ បើទោះបីជារដ្ឋាភិបាលបានលុបចោលសេចក្តីណែនាំរបស់ខ្លួនក៏ដោយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងក៏គ្រោងនឹងលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទីបិទជិតចាប់ពីថ្ងៃចន្ទសប្តាហ៍នេះផងដែរ ខណៈពេលដែលប្រទេសចិនក៏បានបន្ទន់ជំហរតឹងរឹងរបស់ខ្លួន​ ចំពោះគោលនយោបាយប្រយុទ្ធប្រឆាំងកូវីដដែលមានឈ្មោះថា សូន្យកូវីដ (Zero-Covid) ផងដែរ៕