រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធកាល័យ សម្តេចតេជោ អមដំណើរដោយ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា តាំងពីបុរាណ មកទល់បច្ចុប្បន្ន វត្តអារាមដែលបម្រើឲ្យពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ។ ក្រៅពីនេះ វិស័យព្រះពុទ្ធសាសនា ក៏តែងតែបានចូលរួម ជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។ តាមរយៈ តួនាទីដ៏សំខាន់ នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍវិស័យនេះ ឱ្យបានរីកចម្រើន ថ្កុំថ្កើងទ្វេរឡើង ថែមមួយកម្រិតទៀត ។ យ៉ាងណាមិញ ទន្ទឹមនឹងការរីកចម្រើន របស់សង្គមជាតិ សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បានរីកដុះដាល នៅតាមទីវត្តអារាម នៅទូទាំងប្រទេស និយាយដោយឡែក វត្តតុសិតារាម ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ ព្រះនាមព្រះវិភទ្ទញ្ញាណ មុំ សុខគឿន សុវណ្ណជោតិ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានបរិច្ចាគធនធាន ក្នុងការកសាងសមិទ្ធផលនានា ពិសេស សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកយ៉ាងធំធេង ក្នុងការកសាងសមិទ្ធផល ក្នុងវត្តនេះ ផងដែរ ។ ជាក់ស្តែងសមិទ្ធផល ដែលត្រូវឆ្លងនាឱកាសនេះរួមមាន ៖ មហាសុគន្ធកុដិ ដោយចំណាយទឹកប្រាក់ ចំនួន ៣៤៥.៦៩៨ដុល្លារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី និងចៅៗ តាមរយៈ ឯកឧត្តម សេង ទៀង និងលោកជំទាវ ឯកឧត្តម ឌី ពៅ និងលោកជំទាវ រួមជាមួយនឹងសប្បុរសជនក្នុង និងក្រៅប្រទេស ផងដែរ ។
ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេស មានសុខសន្តិភាព ដែលយើងទាំងអស់គ្នា ទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្ត ទៅលើគោលនយោបាយឈ្នះ ឈ្នះ ។ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានបញ្ជាក់ទៀតថា ប្រសិនបើ គ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់ៗរូបគ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យ ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ។ ចំណែកឯព្រះសង្ឃ ក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ ។ ប៉ុន្តែ ដោយសារសន្តិភាព មាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញការអភិវឌ្ឍរីកចម្រើន នៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់ ៕