អគ្គលេខាធិការដ្ឋាន

កិច្ចប្រជុំពិភាក្សាបែងចែកតួនាទី ភារកិច្ចលើការងារពិធីការដល់សមាជិក​ និងក្រុមការងារសម្រាប់ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

នារសៀលថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ អនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាលសម្រាប់រៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី ភារកិច្ចលើការងារពិធីការដល់សមាជិក​ និងក្រុមការងារសម្រាប់ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សូ វ៉ាន់ទី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន សមាជិក នៃអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី ភារកិច្ចលើកាងារពិធីការនេះឡើង គឺដើម្បីត្រៀមលក្ខណៈឱ្យបានទាន់ពេល​ និងឱ្យបានល្អបំផុតសម្រាប់ការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលកាងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២២ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារនៃអនុគណៈកម្មការ​ ត្រូវរៀបចំសន្និបាតត្រួតពិនិត្យរាល់កិច្ចការរដ្ឋបាលទាំងអស់ដែលពាក់ព័ន្ធឱ្យបានគត់មុតបំផុត​ ដេីម្បីឱ្យអង្គសន្និបាតប្រព្រឹត្តទៅដោយរលូន​ និងទទួលបានជោគជ័យ៕