ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅ តួកគី និង ស៊ីរី កើនដល់ ១៧,០០០នាក់

(អ៊ីស្តង់ប៊ុល)៖ យោងតាមទិន្នន័យចុងក្រោយបង្អស់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏រន្ធត់ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានកើនឡើងលើស ១៧,០០០នាក់ហើយ ខណៈដែលក្តីសង្ឃឹមថា មនុស្សជាច្រើនដែលបានបាត់ខ្លួន នឹងត្រូវបានរកឃើញហើយនៅរស់រានមានជីវិតបន្ទាប់ពីគ្រោះមហន្តរាយនេះបានកន្លងផុត ៧២ម៉ោងទៅហើយនោះ កំពុងបានរសាត់ទៅបន្តិចម្តងៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ​ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់សម្តីប្រធានាធិបតីតួកគី លោក រ៉េសេព តាយីប អឺដូហ្គេន (Recep Tayyip Erdogan) បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីបានកើនឡើងដល់១៤,០១៤នាក់ និង ៦៣,៧៩៤នាក់បានរងរបួស។

ចំណែកឯនៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងតិច ១,៥៨១នាក់ត្រូវបានស្លាប់នៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាល ហើយចំនួនអ្នកស្លាប់នៅក្នុងតំបន់កាន់កាប់ដោយក្រុមប្រឆាំងបានកើនឡើងដល់ ១,៩៧៥នាក់។

គិតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងប្រជែងនឹងពេលវេលា ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្រោមគំនរបាក់បែកក្នុងអាកាសធាតុដ៏ត្រជាក់​ ខណៈក្តីសង្ឈឹមរកឃើញមនុស្សនៅរស់រានមានជីវិតក៏កាន់តែតិចទៅ ក្រោយឆ្លងផុតអស់រយៈពេល ៧២ម៉ោងទៅហើយ។

អង្គការសុខភាពពិភពលោកបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។

ក្រោយទទួលបានដំណឹងដ៏គួរឲ្យរន្ធត់នេះ សហគមន៍អន្តរជាតិបាននិងកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ព្រមទាំងបញ្ជូនក្រុមរុករកនិងសង្រ្គោះ​ដើម្បីជួយប្រទេសតួកគីនិងស៊ីរីផងដែរ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ស្ថិតនៅក្បែរព្រំដែនជាមួយប្រទេស ស៊ីរី ដែលមានមនុស្សរស់នៅប្រហែលជា ២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។

គួរឲ្យដឹងថា លើកចុងក្រោយបំផុតដែលប្រទេស តួកគី ជួបគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារចំម្តុំតំបន់នេះដូចគ្នា គឺកាលពីឆ្នាំ១៩៣៩ ដែលកាលណោះបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់៕