ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលស្រុកទឹកផុស បានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ក្នុង យុគសម័យឌីជីថល”

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើទី១១២ ទិវានារីអន្តរជាតិ៨ មីនា ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ក្នុង យុគសម័យឌីជីថល” នៅសាលប្រជុំសាលាស្រុកទឹកផុស ក្រោមអធិបតីភាពលោកស្រី ម៉ុក ច័ន្ទតារាសុី ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស និង លោក សូត្រ សង់ អភិបាល នៃគណៈអភិបាលស្រុកទឹកផុស ដោយមានការចូលរួមពី លោកលោកស្រីក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្រ្តីរាជការចូលរួមសរុបចំនួនសរុប៧៩នាក់ ស្រ្តី ៣៦ នាក់ផងដែរ ។

លោក ម៉ុក ច័ន្ទតារាស៊ី បានមានប្រសាសន៍បន្តទៀតថា ប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល គឺពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះបន្តរំលេចពីតម្លៃនៃសមភាពយេនឌ័រដែល រាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាពឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍន៍ធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាព។

លោក សូត្រ សង់ បានថ្លែងនូវការកោតសរសើរដល់ស្រ្តីទាំងអស់ ព្រោះប្រទេសជាតិមានការរីកចំរើនទៅបានក៏ដោយសារមានការចូលរួមពីស្រ្តី ដោយឡែកការអភិវឌ្ឍរីកចំរើនក្នុងស្រុកទឹកផុសក៏ដោយសារមានការចូលរួមពីថ្នាក់ដឹកនាំជាស្រ្តីគ្រប់លំដាប់នៅក្នុងស្រុកទឹកផុសផងដែរ។

លោក សូត្រ សង់ ក៏បានផ្តាំផ្ញើអោយស្រ្តីទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិជាពិសេសក្នុងមូលដ្ឋានស្រុកទឹកផុសកាន់តែប្រសើរឡើងថែមទៀតក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ចុងបញ្ចប់លោក សូត្រ សង់ និង លោកស្រី ម៉ុក ច័ន្ទតារាសុី បានជូនបាច់ផ្កា និងវត្ថុអានុស្សាវរិយ៍ដល់ ស្រ្តីជាមន្រ្តីរាជការដែលបានចូលរួមផងដែរ ៕