អគ្គស្នងការដ្ឋាននគរបាលជាតិ

បើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជន រងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចូលរួមជាគណ:អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ អធិការរង មេបញ្ជាការរងវរ:ការពារព្រំដែនគោក នាយផ្នែក នាយ-នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក Chad Meli នាយកផ្នែកស៊ើបអង្កេតតាមប្រព័ន្ធអ៊ិនធឺណិតនិងវិភាគតាមបែបវិទ្យាសាស្ត្រ នៃអង្គការ OPERATION UNDERGROUND RAILROAD និងសិក្ខាកាមជាច្រើននាក់។

ថ្លែងក្នុងពិធីបើកវគ្គនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ៖ ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយក្នុងការចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាពេលនេះ ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បន្តថា ៖ អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមួយថ្ងៃៗ មានការវិវត្តន៍និងប្រែប្រួលពីសកម្មភាពសាមញ្ញ ទៅជាស្ថានភាពស្មុគស្មាញ ដែលសកម្មភាពនេះទាមទារឲ្យយើងបង្កើនការលើកកម្ពស់សមត្ថភាពធនធានមនុស្ស តាមរយ:ការបណ្តុះបណ្តាល ដែលជាការចាំបាច់ ហើយជាតម្រូវការដល់សមត្ថកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនិងជនរងគ្រោះ។

វគ្គបណ្តុះបណ្តាលនេះ ជាការចែករំលែកបទពិសោធន៍ ចំណេះដឹង និងច្បាប់ ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទកុមារដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្សតាមរូបភាពកេងប្រវ័ញ្ចពលកម្ម ពពោះជំនួស អាពាហ៌ពិពាហ៌ផ្ទុយឆន្ទះ និងគ្រប់ទម្រង់ពាក់ព័ន្ធអំពើជួញដូរមនុស្សផ្សេងៗទៀត ដែលយើងត្រូវរួមគ្នា ចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាប។ ការលើកកម្ពស់សមត្ថភាពយល់ដឹង គឺជាការចាំបាច់សម្រាប់សមត្ថកិច្ចអនុវត្តច្បាប់នៅខេត្តបន្ទាយមានជ័យ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ហើយត្រូវធ្វើកិច្ចសហប្រតបត្តិការតារយ:ការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់សកម្មភាពជួញដូរមនុស្សឆ្លងដែន ក៏ដូចជាការស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស បទល្មើសឆ្លងដែន និងបទល្មើសសម្អាតប្រាក់ផងដែរ ៕