ព័ត៌មានអន្តរជាតិ

អឺរ៉ុបបង្ហាញការស្វាគមន៍ចំពោះការសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង F-16 និងផ្តល់ការបណ្តុះបណ្តាលដល់អ៊ុយក្រែន

(ប្រ៊ុចសែល)៖ តាមការលើកឡើងរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ភ្លើងខៀវរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែនទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-16 បានបង្កើតនូវសន្ទុះដ៏ក្លេវក្លា ដែលនឹងនាំឲ្យយន្តហោះចម្បាំងនេះត្រូវចូលសមរភូមិសង្រ្គាមអ៊ុយក្រែនដោយជៀសមិនរួច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

លើកឡើងក្នុងការជជែកដេញដោលដ៏យូរ និងការប្រឆាំងជំទាស់ផែនការបញ្ជូនរថក្រោះប្រយុទ្ធ Leopard កម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បរ៉េល (Josep Borrell) បាននិយាយថា «អ្នកដឹងទេ វាគឺដូចគ្នា យើងបានពិភាក្សាវា ហើយអ្នកគ្រប់គ្នាមានការស្ទាក់ស្ទើរនៅគ្រាដំបូង។ ប៉ុន្តែនៅទីបញ្ចប់ ទាំង Leopard និងចុងក្រោយជាមួយ F-16 ត្រូវបានសម្រេចចិត្តផ្តល់ជាការគាំទ្រផ្នែកយោធា (សម្រាប់អ៊ុយក្រែន) ព្រោះវាត្រូវការជាចាំបាច់»

អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍​ ស្តូលេនបឺក (Jens Stoltenberg) បានបញ្ជាក់ថា ការសម្រេចចិត្តធ្វើការបណ្តុះបណ្តាល គឺជាការជំរុញយ៉ាងពិតប្រាកដដែលចាំបាច់ដើម្បីឆ្ពោះទៅ រកការផ្តល់យន្តហោះទាំងនោះដល់អ៊ុយក្រែន។

និយាយនៅមុនជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប លោក ស្តូលេនបឺក (Stoltenberg) បានឲ្យដឹងថា «ការប្រកាសយ៉ាងច្បាស់អំពីការចាប់ផ្តើមនៃការបណ្តុះបណ្តាលនេះ គឺជាជំហានដ៏សំខាន់មួយ ដែលអាចឱ្យយើងផ្តល់យន្តហោះប្រយុទ្ធដល់អ៊ុយក្រែននៅពេលណាមួយ»

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ទៀតថា វាក៏បង្ហាញឱ្យឃើញផងដែរថា «លោកខាងលិចនឹងមិនដកថយចំពោះមុខរុស្ស៊ីឡើយ» ហើយការសម្រេចចិត្តបែបនេះគឺជាការផ្ញើសញ្ញាច្បាស់លាស់ថា អឺរ៉ុបនឹងនៅទីនោះសម្រាប់រយៈពេលយូរ ហើយថារុស្ស៊ីមិនអាចរង់ចាំឱ្យប្លុកនេះចាកចេញបានទេ។

ដោយឡែក បើតាមលោក បរ៉េល (Borrell) កម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះ F-16 សម្រាប់អ៊ុយក្រែនបានចាប់ផ្តើមរួចទៅហើយនៅក្នុងប្រទេសប៉ូឡូញ និងប្រទេសមួយចំនួនទៀត ទោះបីជាអាជ្ញាធរនៅទីក្រុង វ៉ាសូវី មិនអាចបញ្ជាក់ពីព័ត៌មាននេះភ្លាមៗក៏ដោយ។ ជាមួយគ្នានេះ ប្រទេសហូឡង់ និងដាណឺម៉ាក ក៏ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ក៏កំពុងរៀបចំផែនការសម្រាប់ផ្តល់ការបណ្តុះបណ្តាលបែបនេះដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលលោកចូ បៃដិន បានផ្ដល់ភ្លើងបៃតងឲ្យសម័្ពន្ធមិត្ត ណាតូ បញ្ជូនយន្ដហោះចម្បាំងស៊េរីទំនើប F-16 របស់អាមេរិកទៅកាន់អ៊ុយក្រែន រួមទាំងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពីឡុតអ៊ុយក្រែនផងដែរ ដែលនេះគឺជាសញ្ញាថ្មីមួយក្នុងសង្រ្គាមដែលកំពុងបន្តអូសបន្លាយ៕