ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ដាក់សំណើជាផ្លូវការដើម្បីសុំការលើកលែងទោសពីព្រះមហាក្សត្រ

(បាងកក)៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយដោយស្រង់សម្តីរដ្ឋមន្រ្តីយុត្តិធម៌ថៃ លោក វីស្សានុ គ្រីង៉ាម (Wissanu Krea-ngam) ឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត់ បានដាក់សំណើជាផ្លូវការដើម្បីស្នើសុំការព្រះរាជទានលើកលែងទោស ​ពីព្រះមហាក្សត្រថៃហើយ។

អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន  ដែលកាន់កាន់តំណែងកាលពីចន្លោះឆ្នាំ២០០១-២០០៦ ត្រូវបានតុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាចនិងទំនាស់ផលប្រយោជន៍  បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញកាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំដើម្បីគេចផុតពីការអនុវត្តទោសក្រោយលោកធ្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ ការវិលត្រឡប់មកវិញរបស់លោក បានកើតឡើងចំថ្ងៃតែមួយដែលបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្ស ភឿថៃ គឺលោក ស្រ៊ីតថា ថាវីស៊ីន ជាប់ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ខណៈលោក ថាក់ស៊ីន គឺជា​ស្ថាបនិក និងជាអ្នកជ្រោមជ្រែងនៅពីក្រោយគណបក្ស ភឿថៃ តាំងតែពីដើមមក ហើយកូនស្រីលោក គឺអ្នកនាង ផែថោងថាន ក៏ជាសមាជិកជាន់ខ្ពស់នៅក្នុងបក្សនេះផងដែរ។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមកដល់ព្រលានយន្តហោះ កាលពីថ្ងៃទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៊ីន ​ត្រូវបានប៉ូលីសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញ នៅយប់ថ្ងៃដដែលនោះ ​រូបលោកត្រូវ​បានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យប៉ូលីសមួយកន្លែងដោយសារបញ្ហាសុខភាព៕