ព័ត៌មានអន្តរជាតិ

ជនរងគ្រោះដោយសារសង្រ្គាមនៅអ៊ីរ៉ាក់ទន្ធឹមរង់ចាំសំណងពីសហរដ្ឋអាមេរិកក្រោយការចូលឈ្លានពានប្រទេសនេះកាលពី ២០ឆ្នាំមុន

(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានបរាជ័យ​ក្នុងការផ្តល់សំណងដល់ជនជាតិអ៊ីរ៉ាក់ ដែលទទួលរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងសម័យសង្រ្គាមកាលពី ២០ឆ្នាំមុន បន្ទាប់ពីការរកឃើញភស្តុតាងដែលបង្ហាញថា កងកម្លាំងអាមេរិកបានធ្វើបាបអ្នកទោសនៅក្នុងពន្ធនាគារក្នុងប្រទេសនេះ។

ក្នុងចន្លោះឆ្នាំ ២០០៣ និង ២០០៩ បន្ទាប់ពីការលុកលុយលើអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចាប់ខ្លួនជនជាតិអ៊ីរ៉ាក់ប្រហែល ១០០,០០០ នាក់ឃុំខ្លួន និងធ្វើទារុណកម្ម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការផ្សេងទៀតបានចងក្រងឯកសារអំពីការធ្វើទារុណកម្ម និងការរំលោភបំពានផ្សេងទៀត ដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ អ្នករស់រានមានជីវិតពីការរំលោភបំពានទាំងនោះ បានព្យាយាមទាមទារស្វែងរកយុត្តិធម៌ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលការទទួលស្គាល់តិចតួចប៉ុណ្ណោះពីបញ្ហានេះ និងគ្មានផ្តល់សំណងអ្វីឡើយ។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទីក្រុងវ៉ាស៊ីនតោន អ្នកស្រី សារាហ យ៉ែហ្គឺ (Sarah Yaeger) បានលើកឡើងថា «២០ឆ្នាំក្រោយមក ជនជាតិអ៊ីរ៉ាក់ដែលត្រូវបានធ្វើទារុណកម្ម ដោយមន្ត្រីសហរដ្ឋអាមេរិក នៅតែមិនមានផ្លូវច្បាស់លាស់ក្នុងការប្តឹងទាមទារ ឬទទួលបានសំណង ឬការទទួលស្គាល់ណាមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ»

លោកស្រីបានបន្ថែមដូច្នេះទៀតថា «មន្ត្រីសហរដ្ឋអាមេរិក ពួកគេចង់ចាកចេញពីការធ្វើទារុណកម្មនៅអតីតកាល ប៉ុន្តែផលប៉ះពាល់រយៈពេលវែងនៃការធ្វើទារុណកម្មនោះ នៅតែជាការពិតប្រចាំថ្ងៃសម្រាប់ប្រជាជនអ៊ីរ៉ាក់ជាច្រើន និងក្រុមគ្រួសាររបស់ពួកគេ»