ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី នៅចំណុចកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់
១.ឈ្មោះ ទឹម លំអៀង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាសាញ ឃុំតាសាញ ស្រុកកំសំឡូត ខេត្តបាត់ដំបង
២.ឈ្មោះ គ្រោក ទីម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០,៦៦ក្រាម
-ទូរសព្ទដៃចំនួន ០១គ្រឿង
-អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ និងដែកកេះចំនួន០១
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ បាត់ដំបង 1AN-6710 ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចយើងបានបន្តកិច្ច ប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់ទៀត ឈ្មោះ តាក់ ឆេងលាភ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ វត្ថុតាងឆែកឆេរបានរួមមាន៖
-ទូរសព្ទដៃចំនួន ០១គ្រឿង
-សៀវភៅបញ្ជីកត់ត្រាទិញលក់គ្រឿងញៀនចំនួន ០១ក្បាល
-ប្រាក់ចំនួន ៦៦៥ ៧០០រៀល (ហុកសិបប្រាំមួយម៉ឺនប្រាំពាន់ប្រាំពីររយរៀល) ប្រាក់ចំនួន ២០$ (ម្ភៃដុល្លា) ។
-លោហៈធាតុពណ៌លឿង (ខ្សែដៃចំនួន ០២ខ្សែ និងខ្សែកចំនួន ០១ខ្សែ មានបណ្តោង) ។
បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕