ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីសិង្ហបុរីប្រកាសផ្ទេរអំណាចឱ្យអ្នកបន្តវេនមុនការបោះឆ្នោតសកលឆ្នាំ២០២៥

(សិង្ហបុរី)៖ យោងតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា លោកមានគម្រោងចុះចេញពីតំណែង ហើយប្រគល់អំណាចទៅឱ្យឧបនាយករដ្ឋមន្រ្តីរបស់លោកគឺ លោក ឡរ៉េន វង (Lawrence Wong) នៅចុងឆ្នាំ២០២៤ខាងមុខ មុនការបោះឆ្នោតសកលដែលនឹងរៀបចំឡើងក្នុងឆ្នាំ២០២៥។

សូមជម្រាបថា ពីដំបូងឡើយ លោក លី (Lee) ដែលពេលនេះមានវ័យ៧១ឆ្នាំ មានបំណងចង់ចូលនិវត្តន៍មុនពេលលោកឈានចូលអាយុ ៧០ឆ្នាំកាលពីឆ្នាំ២០២២ ប៉ុន្តែផែនការរបស់លោកត្រូវបានប្រែប្រួលដោយសារតែវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ដែលតម្រូវឲ្យរូបលោកត្រូវបន្តកាន់តំណែងដើម្បីគ្រប់គ្រងប្រទេសក្នុងដំណាក់កាលអាសន្នជាសកល។
លោក លី (Lee) បានកាន់តួនាទីជាអគ្គលេខាធិការគណបក្ស សកម្មភាពប្រជាជន (People’s Action Party) និងជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០០៤ ហើយក្នុងផែនការផ្ទេរអំណាចរបស់លោកកាលពីឆ្នាំមុន លោកក៏បានជ្រើសរើសតែងតាំងលោក វង (Wong) ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុជាអ្នកស្នងតំណែងផងដែរ។

ថ្លែងទៅកាន់សន្និសិទបក្សនៅថ្ងៃអាទិត្យ លោក លី (Lee) បានលើកឡើងថា “ខ្ញុំមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះលោក ឡរ៉េន (Lawrence) និងក្រុមរបស់គាត់ ហើយគ្មានហេតុផលណាមួយដែលត្រូវពន្យារពេលក្នុងការផ្លាស់ប្តូរនយោបាយរបស់ពួកគេនោះទេ។ ដូច្នេះហើយ ខ្ញុំមានបំណងប្រគល់អំណាចទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ឡរ៉េន (Lawrence) មុនពេលនៃការបោះឆ្នោតសកលបន្ទាប់

សូមបញ្ជាក់ថា ជាមួយក្តីសង្ឃឹមយ៉ាងខ្ពស់ដែលគណបក្ស សកម្មភាពប្រជាជន (People’s Action Party) នឹងបន្តទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលក្នុងឆ្នាំ២០២៥ លោក ឡរ៉េន វង (Lawrence Wong) នឹងក្លាយជា​នាយករដ្ឋមន្រ្តីទី៤ ដែលនឹងឡើងមកដឹកនាំប្រទេសសិង្ហបុរីចាប់តាំងពីការទទួលបានឯករាជ្យក្នុង​ឆ្នាំ១៩៦៥មក ហើយក៏នឹងក្លាយជានាយករដ្ឋមន្រ្តីទី២របស់សិង្ហបុរីដែលមិនមែនជាសមាជិកគ្រួសារត្រកូល លី ផងដែរ បន្ទាប់ពីលោក Goh Chok Tong ដែលកាលណោះបានកាន់តំណែងបន្តពីលោក Lee Kuan Yew ដែលជាឪពុកលោក លី សៀនឡុង (Lee Hsien Loong) និងជាបិតាស្ថាបនិកនៃប្រទេសដែនកោះដ៏រីកចម្រើនមួយនេះ៕