បច្ចេកវិទ្យា

ក្រុមហ៊ុន Meta បានធ្វេីកំណែប្រែសមត្ថភាពថ្មីៗពាក់ព័ន្ធបញ្ញាសិប្បនិម្មិត​ AI

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ Meta បានបង្ហាញនូវការកែលម្អថ្មីៗជាច្រើនសម្រាប់បទពិសោធន៍បញ្ញាសិប្បនិម្មិត AI នៅកម្មវិធីរបស់ខ្លួនជាច្រើនដូចជា Facebook​ Instagram​ Messenger និង​WhatsApp។ ក្រុមហ៊ុន​ Meta បានប្រកាសអំពីបច្ចុប្បន្នភាព AI ថ្មីរបស់ខ្លួនមានដូចជា៖​

១.​ ស្ទីគ័រឆ្លាតវៃ (AI Sticker)៖​ មុខងារស្ទីគ័រ AI ថ្មីដែលអាចឱ្យអ្នកបង្កើត និងឆ្នៃប្រឌិត ស្ទីគ័រផ្ទាល់ខ្លួនយ៉ាងងាយស្រួល សម្រាប់ប្រើប្រាស់នៅក្នុងការជជែក (Chat) និង Story របស់អ្នកប្រេីប្រាស់។ ដោយប្រើបច្ចេកវិទ្យាពី Llama 2 និងគំរូមូលដ្ឋានសម្រាប់ការបង្កើតរូបភាពដែលហៅថា Emu ដែលជាបញ្ញាសិប្បនិម្មិត (AI) បង្កើតនូវស្ទីគ័រដែលមានគុណភាពខ្ពស់ និងប្លែកៗជាច្រើនក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

២.​ ការកែរូបភាពដោយ AI៖​ នៅពេលឆាប់ៗនេះ អ្នកនឹងអាចបំប្លែងរូបភាពរបស់អ្នកដោយប្រើប្រាស់ AI ហើយវាមានមុខងារពីរសំខាន់ៗដូច Restyle និង Backdrop។ មុខងារ Restyle អនុញ្ញាតឱ្យអ្នកស្រមៃរូបភាពរបស់អ្នកឡើងវិញដោយរចនាបទដែលអ្នកពណ៌នា ចំណែកមុខងារ Backdrop នឹងធ្វើការផ្លាស់ប្តូរផ្ទៃខាងក្រោយតាមដែលអ្នកចង់បាន។

៣.​ ជំនួយការបញ្ញាសិប្បនិម្មិត (Chat AI)៖​ Meta AI គឺជាជំនួយការថ្មីដែលអ្នកអាចប្រាស្រ័យទាក់ទងជាមួយ​ AI ហើយកម្មវិធីនេះនឹងមកដល់ឆាប់ៗនេះ​ ជាមួយវ៉ែនតាឆ្លាតវៃ (Ray-Ban Meta)​ និង Quest 3។ បច្ចុប្បន្ន Meta កំពុងបង្កើត AI ដែលមានបុគ្គលិកលក្ខណៈ គំនិត និងចំណាប់អារម្មណ៍ ទៅជាតួអង្គចំនួន២៨ ផ្សេងគ្នា ឧទាហរណ៍ដូចជា តួរអង្គឈ្មោះ Zach ដែលដើរតួរជជែកជាមួយយើងដោយបានចាត់ទុកយើងដូចជាប្អូនប្រុស/ស្រី ចំណែកតួអង្គ Angie ជជែកអំពីការហាត់ប្រាណ ។ល។

ក្រុមហ៊ុន Meta ក៏កំពុងនាំមកនូវកំណែប្រែ និងសមត្ថភាពថ្មីៗ​ ដល់បទពិសោធន៍ AI ស្នូលនៅលើវេទិការបស់ខ្លួនបន្ថែមទៀត ដោយក្រុមហ៊ុនបានអះអាងថាជំនួយនិម្មិត Meta AI នឹងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅរបស់មនុស្សជាតិ ហើយមុខងារAI ខាងលើក្រុមហ៊ុនគ្រោងហ្នឹងធ្វើការបញ្ចេញនាពេលខាងមុខឆាប់ៗនេះផងដែរ។

#META #AI #GDDTM #ImaginewithMetaAI #AISticker #ImageEditingWithAI #ChatWithMetaAI