ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃជំរុញឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ស្របពេលដែលអតិផរណាមានកម្រិតទាប

(បាងកក)៖ នៅថ្ងៃចន្ទ ទី០៨ មករានេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បាននិយាយថា ធនាគារកណ្តាលថៃគួរតែពិចារណាក្នុងការកាត់បន្ថយអត្រាការប្រាក់ ដោយសារអតិផរណាមានកម្រិតទាប ហើយលោកគ្រោងនឹងនិយាយជាមួយទេសាភិបាលធនាគារកណ្តាលដើម្បីជំរុញឱ្យពិចារណាឡើងវិញនូវគោលជំហរគោលនយោបាយរបស់ធនាគារនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkie Asia

ក្នុងការលើកឡើងខាងលើថា លោក ស្រ៊ីថថា ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាអ្នកនយោបាយចំណូលថ្មីរបស់ថៃបានមានប្រសាសន៍ថា លោកមានភាពច្បាស់ណាស់ក្នុងការប្រឆាំងរបស់លោកចំពោះការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលរបស់ថៃ ប៉ុន្តែទេសាភិបាលនៃធនាគារនេះគឺលោក ស៊ីថាភុត ស៊ូធិវ៉ាណារ៉ាភុត (Sethaput Suthiwartnaruput) មានសិទ្ធិអំណាចក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុ។

​ប្រាប់ទៅកាន់​អ្នក​សារព័ត៌មាន លោក ស្រ៊ីថថា បានរៀបរាប់​ថា “​យើង​បាន​និយាយ​គ្នា​គ្រប់​ពេលលើការដំឡើងអត្រាការប្រាក់។ ខ្ញុំមានជំហរច្បាស់លាស់ដែលខ្ញុំមិនយល់ស្រប ប៉ុន្តែគាត់មានអំណាចក្នុងការបង្កើនវា”

នាយករដ្ឋមន្រ្តីថៃរូបនេះបានបន្តថា “ជាមួយនឹងអតិផរណាទាបនៅពេលនេះ ប្រហែលជាមានតម្រូវការក្នុងការពិចារណាក្នុងការកាត់បន្ថយអត្រាការប្រាក់”

សូមជម្រាបថា ធនាគារកណ្តាលថៃបានរក្សាគោលនយោបាយអត្រាការប្រាក់របស់ខ្លួនដោយមិនផ្លាស់ប្តូរ ពោលគឺនៅកម្រិតខ្ពស់ប្រចាំទសវត្សរ៍ដែលមានកម្រិត ២.៥ភាគរយចាប់តាំងពីខែខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានដំឡើងវាកាលពីខែសីហា ឆ្នាំ ២០២២។  ស្ថាប័នហិរញ្ញាវត្ថុកំពូលរបស់ប្រទេសនេះ នឹងពិនិត្យមើលឡើងវិញលើគោលនយោបាយបន្ទាប់របស់ខ្លួននៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។

គួរឲ្យដឹង អតិផរណាក្នុងប្រទេសថៃបានស្ថិតក្នុងកម្រិត -០.៨៣ភាគរយកាលពីខែធ្នូកន្លងទៅ ដែលជាខែទី ០៨ជាប់ៗគ្នា ហើយនេះជាកម្រិតដែលស្ថិតនៅក្រៅគោលដៅរបស់ធនាគារកណ្តាលដែលមានកម្រិតពី ១ទៅ ៣ភាគរយ។

សរសេរនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ លោក ស្រ៊ីថថា បាននិយាយថា ការដំឡើងអត្រាការប្រាក់មិនមានផលល្អទាល់តែសោះសម្រាប់សេដ្ឋកិច្ច ដោយជំរុញឱ្យធនាគារកណ្តាលថៃជៀសវាងការផ្លាស់ប្តូរដែលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រួសារដែលមានចំណូលទាប និងអាជីវកម្មខ្នាតតូច។

លោកបន្តថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍តាមរយៈការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ដោយប្រទេសថៃបានដើរតាមពីក្រោយដៃគូក្នុងតំបន់ជាមួយនឹងការព្យាករណ៍កំណើនប្រហែល ២.៤ភាគរយកាលពីឆ្នាំមុន ពោលគឺតិចជាងតួលេខកំណើនកាលពីឆ្នាំ ២០២២។

លោកនាយករដ្ឋមន្រ្តីថៃបានបន្តទៀតថា “ធនាគារថៃបានដំឡើងអត្រាការប្រាក់ បើទោះបីជាអតិផរណាអវិជ្ជមានជាច្រើនខែជាប់ៗគ្នាក៏ដោយ ដែលនេះមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចទាល់តែសោះ ហើយក៏ជះឥទ្ធិពលដល់ប្រជាជនដែលមានចំណូលទាប និងសហគ្រាសធុនតូច និងមធ្យមផងដែរ”

ជាចុងក្រោយ លោកបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា លោកសង្ឃឹមថា ធនាគារកណ្តាលនឹង ជួយយកចិត្តទុកដាក់ចំពោះប្រជាជនដោយមិនដំឡើងអត្រាការប្រាក់ក្នុងទិសដៅផ្ទុយពីអតិផរណា៕