រដ្ឋមន្ត្រីព័ត៌មានក្នុងប្រទេស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម លោកជំទាវ អគ្គនាយក, ឯកឧត្តម ប្រធានក្រុមប្រឹក្សា, ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដូចឆ្នាំកន្លងទៅផងដែរ ប៉ុន្តែបន្ថែមនូវរបៀបវារៈចំនួន ២ទៀត គឺ៖
ទី១. ការផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីឆ្នាំ២០២៤-២០២៨ ដែលជាផែនទីបង្ហាញសម្រាប់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ដោយនឹងធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការដ្ឋានធ្វើសេចក្តីរាយការណ៍សង្ខេបនូវសេចក្តីព្រាង របាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាព្រឹកនេះ។
ទី២. ការប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម នឹងធ្វើឡើងបន្ទាប់ពីការប្រកាសលទ្ធផល ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នាព្រឹកស្អែក ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានទាញការចាប់អារម្មណ៍ផងដែរ សន្និបាតក្រសួងមហាផ្ទៃឆ្នាំនេះ គឺធ្វើឡើងក្រោយសន្និបាតរបស់រដ្ឋបាល រាជធានី ខេត្ត ក្នុងគោលបំណងធានាឱ្យរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ក៏ដូច ជាលទ្ធផលនៃការពិភាក្សាក្នុងអង្គសន្និបាត ប្រមូលបានធាតុចូលយ៉ាងទូលំទូលាយពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ក្រសួងបានកំណត់ប្រធានបទសំខាន់ៗ សម្រាប់ការពិភាក្សាដែលមានលក្ខណៈឆ្លុះបញ្ចាំង ទៅលើទិដ្ឋភាពជាក់ស្តែងនៃសភាពការណ៍សន្តិសុខ និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ព្រមទាំង ឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានបន្ដថា ហេតុនេះ ការជួបជុំក្នុងសន្និបាតក្រសួងមហាផ្ទៃឆ្នាំនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ធ្វើការពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំប្រឹងប្រែងសម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីរួមគ្នាកំណត់ទិសដៅសម្រាប់អនុវត្តសកម្មភាពអាទិភាពនានាដែលបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕