ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរស០១នាក់ស្លាប់ ដោយជិះម៉ូតូខុសគន្លងបញ្ច្រាសទិសអទិភាពត្រូវរថយន្តបុក

ពោធិ៍សាត់៖  នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០១និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៩២០០ ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ដោយរថយន្តបុកម៉ូតូជិះបញ្ច្រាស់ទិសអទិភាព បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស០១នាក់ ជិះម៉ូតូម៉ាក វេវអាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរលើគន្លងផ្លូវខាងត្បូងបញ្ច្រាស់ពីកើតទៅលិចមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាកLexus RX400  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y.2627 បើកបរមកពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប្រភពបានបន្តថា ក្រោយឃើញហេតុការណ៍ដូចខ្លួនបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍

តាមការបំភ្លឺរបស់ឈ្មោះ បេ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពុំមានរងរបួស ជាអ្នករួមដំណើរក្នុងរថយន្ត បានអោយដឹងថា ដោយរថយន្តខាងលើជារថយន្តរត់ឈ្នួល ដែលគាត់កាក់ជិះចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅក្រុងភ្នំពេញ រូបគាត់មិនបានស្គាលអត្តសញ្ញាណអ្នកបើកបររថយន្តឡើយ ហើយមុនពេលកើតហេតុ រថយន្តបានបើកបរក្នុងគន្លងត្រឹមត្រូវធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿង បានជិះបញ្ច្រាសទិស និងខុសគន្លងអទិភាព ហើយប្រើប្រាស់ល្បឿនលឿនផង ទើបបណ្តាលឲ្យបុកយ៉ាងពេញទំហឹង ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថាកត្តាដែលបង្កឲ្យកើតមានឧបទ្ទវហេតុគ្រោះថ្នាក់នេះឡើង គឺមកពីកត្តា អ្នកបើកបរម៉ូតូ បើកបរបញ្ច្រាសទិស និងខុសគន្លងអទិភាព ចំពោះជនរងគ្រោះជាអ្នកបើកបរម៉ូតូ សមត្ថកិច្ចពុំទាន់ស្គាលអត្តសញ្ញាណនៅឡើយទេ ដោយជាជនរងគ្រោះ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំពាក់អាវពណ៌សឆ្នូត ស្លៀកខោខ្មៅជើងវែង ស្លាប់នៅនឹងកន្លែងកើតហេតុ ចំពោះសពសមត្ថកិច្ចបានរក្សាទុកនៅនឹងកន្លែងកើតហេតុរងចាំប្រគល់ជូនទៅក្រុមគ្រួសារ រីឯរថយន្តនិងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍ត្រពាំងជង