ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

រដ្ឋាភិបាលថៃនឹងចាប់ផ្តើមទទួលពាក្យស្នើសុំបើកធនាគារនិម្មិតក្នុងឆ្នាំ ២០២៤នេះ

(បាងកក)៖ យោងតាមការបញ្ជាក់របស់ក្រសួងហិរញ្ញវត្ថុថៃនៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងចាប់ផ្តើមទទួលយកពាក្យស្នើសុំបើកធនាគារនិម្មិត (virtual bank) ក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤នេះក្នុងគោលបំណងដើម្បីជួយដល់ប្រជាជនតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានដែនកំណត់។

លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុថៃបានបញ្ជាក់ថា ធនាគារដែលដាក់ពាក្យស្នើសុំត្រូវតែបង្ហាញពីបទពិសោធន៍ និងមានធនធានគ្រប់គ្រាន់សម្រាប់គាំទ្រដល់អាជីវកម្មធនាគារពាណិជ្ជ។

ជាមួយគ្នានេះ ក្រសួងខាងលើបានឲ្យដឹងផងដែរថា ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុថៃ នឹងពិចារណាលើពាក្យស្នើសុំក្នុងរយៈពេល ០៩ខែបន្ទាប់ពីរយៈពេលនៃការដាក់ស្នើសុំត្រូវបានបញ្ចប់ ហើយនឹងប្រកាសពីបញ្ជីធនាគារដែលទទួលបានការអនុញ្ញាតនៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៥។

តាមការបញ្ជាក់ពីក្រសួងហិរញ្ញវត្ថុថៃ ធនាគារដែលបានការអនុញ្ញាតត្រូវតែរៀបចំ និងចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំបន្ទាប់ការទទួលបានការអនុញ្ញាត ហើយអាជ្ញាធរ​នឹងមិន​​កំណត់​ចំនួន​អាជ្ញាបណ្ណ​ដែលនឹងត្រូវផ្តល់ឲ្យនោះទេ ដោយបញ្ជាក់ថាធនាគារកណ្តាល​នឹង​ពិចារណា​ឱ្យ​បាន​សមរម្យ​ទៅតាមប្រព័ន្ធ​ស្ថាប័ន​ហិរញ្ញវត្ថុ​ថៃ។

ក្នុងផែនការនេះ ធនាគារកណ្តាលថៃនឹងតម្រូវឲ្យធនាគារដាក់ទុនសម្រាប់ចុះបញ្ជីក្នុងកម្រិតអប្បបរមា ៥ពាន់លានបាតដើម្បីធានាសុវត្ថិភាព។

គួរបញ្ជាក់ថា ធនាគារនិម្មិត ដែលជាទូទៅត្រូវបានហៅថា ធនាគារអនឡាញ ឬធនាគារអ៊ីនធឺណិត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលប្រតិបត្តិការដោយពឹងផ្អែកទាំងស្រុងលើប្រព័ន្ធអ៊ីនធឺណិត។ ធនាគារនេះផ្តល់នូវវេទិកាឌីជីថលសម្រាប់អតិថិជនក្នុងការប្រើប្រាស់មុខងារធនាគារផ្សេងៗដូចជា បើកគណនី ធ្វើប្រតិបត្តិការផ្ទេរ-ទទួលប្រាក់ និងការប្រើប្រាស់ផលិតផលហិរញ្ញវត្ថុផ្សេងៗ៕