ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

វគ្គបណ្តុះបណ្តាលសី្តពី តួនាទី និងភារកិច្ចរបស់ “គណៈកម្មការរដ្ឋបាល” សម្រាប់ការចុះបញ្ជីដីធី្លមានលក្ខណៈជាប្រព័ន្ធ ឃុំកំពង់ព្រះគគីរ និងឃុំខុងរ៉ង ក្នុងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ កម្មវិធីអនុវិស័យរដ្ឋបាលដីធី្លខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានដឹកនាំបើកវគ្គបណ្តុះបណ្តាលសី្តពី តួនាទី និងភារកិច្ចរបស់ “គណៈកម្មការរដ្ឋបាល” សម្រាប់ការចុះបញ្ជីដីធី្លមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ ឃុំគឺ៖ ឃុំកំពង់ព្រះគគីរ និងឃុំខុងរ៉ង (ជាឃុំគោលដៅនៃតំបន់ទន្លេសាប) នៅសាលប្រជុំសាលាស្រុកបរិបូណ៌ ដោយមានការចូលរួមពីលោក លី សុភា ប្រធានមន្ទីរ អនុប្រធានមន្ទីរ ដនសស ខេត្តកំពង់ឆ្នាំង គ្រូឧទ្ទេសន៍របស់មន្ទីរ ក្រុមចុះបញ្ជីទាំងពីរក្រុម លោកអភិបាលរងស្រុកបរិបូណ៌ លោកមេឃុំ លោកមេភូមិ និងចាស់ព្រឹទ្ធាចារ្យនៃឃុំគោលដៅទាំងពីរ សរុបចំនួន ៦១ នាក់។

វគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល មានគោលបំណង់៖
– ផ្សព្វផ្សាយអំពីសេចក្តីសម្រេចលេខ ២៦ និងលេខ ២៧ ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីបង្កើតគណៈកម្មការរដ្ឋបាល ក្នុងតំបន់វិនិច្ឆ័យសម្រាប់នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីឃុំកំពង់ព្រះគគីរ និងឃុំខុនរ៉ង
– ផ្សព្វផ្សាយជូនអំពីអនុក្រឹត្យលេខ ៤៦ អនុក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី
– ផ្សព្វផ្សាយជូនអំពីអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រូលមាត្រា ៦ មាត្រា ៧ មាត្រា ១១ នៃ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី
– ផ្សព្វផ្សាយជូនអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងដំណើរការចុះបញ្ជីដីធី្លមានលក្ខណៈជាប្រព័ន្ធ ដែលមានកំណត់ក្នុងប្រកាសរួមលេខ ២១៥ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៥ និងប្រកាសរួមលេខ ១៥៩ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកសារពាក់ព័ន្ធនិងការងារចុះបញ្ជីដីធ្លីមួយចំនួនទៀត ៕