ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ណែនាំដល់នគរបាលជាស្ត្រីត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះដឹងរបស់ខ្លួនក្នុងសម័យឌីជីថលបន្តរក្សាកិត្តិយសក្នុងនាមជាមន្ត្រីនគរបាលជាតិ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់នគរបាលជាស្ត្រីត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះដឹងរបស់ខ្លួនក្នុងសម័យឌីជីថលបន្តរក្សាកិត្តិយសក្នុងនាមជាមន្ត្រីនគរបាលជាតិ ប្រ​កាន់ខ្ជាប់វិន័យ លើកកម្ពស់វប្បធម៌ ប្រពៃណីថ្លៃថ្នូរនិងរក្សាគុណតម្លៃសាកសមនឹងកិត្តិនាមរបស់ស្ត្រីជាមាតាពិភពលោក ។​​ ការណែនាំនេះក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»ដែលប្រារព្ធនៅថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយាល័យ  ព្រមទាំងស្ត្រីជានគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន ៥៨នាក់។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងទៀតថា៖ កងកម្លាំងនគរបាលនារី បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទី ។ ទន្ទឹមនោះដែរ គ្រប់បណ្តាអង្គភាពពាក់ពន្ធ័ត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹងឲ្យមានជំនាញកាន់តែល្អ ជាពិសេសលើចំណេះដឹងបច្ចេកទេស ឌីជីថល ដែលសម័យបច្ចុប្បន្ននេះ ជំនាញ ឌីជីថល ជាជំនាញមួយត្រូវបានពិភពលោក ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលអណត្តិទី៧បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងលើជំនាញនេះជាខ្លាំងនិងបានណែនាំឲ្យមានការបណ្តុះបណ្តាលលើជំនាញឌីជី  ថលដល់ស្ត្រីផងដែរ ។ មួយវិញទៀតបច្ចុប្បន្ននេះ គឺជាសម័យបច្ចេកវិទ្យាឌីជីថល ដែលរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផងដែរ ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងនគរបាលគ្រប់ៗរូប ។ ជាមួយគ្នានោះ លោកស្ន​ងការក៏បានផ្តល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ ៕