ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារប្រចាំមេសា ឆ្នាំ ២០២៤

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារប្រចាំមេសា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោក លោកស្រីអនុប្រធានការិយាល័យកណ្ដាល លោកនាយការិយាល័យ ប្រធានអង្គភាព លោកអធិការនគរបាលក្រុង-ស្រុក ទាំង ៨ និងលោកនាយប៉ុស្តិ៍នគរបាលទូរទាំងខេត្តកំពង់ឆ្នាំងផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលនគរបាលខេត្តកំពង់ឆ្នាំងសម្រេចបានជាច្រើនគួរជាទីមោទនៈ ពិសេសការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជាយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្រុមក្មេងទំនើង និងប្រមូលក្មេងៗសិស្សានុសិស្ស ដែលគេចសាលា យកមកអប់រំ ធ្វើកិច្ចសន្យាជាដើម។ល។ ដែលទទួលបានការសាទរ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសាធារណៈជនគ្រប់មជ្ឈដ្ឋានផងដែរ ។

មិនតែប៉ុណ្ណោះ នគរបាលខេត្តកំពង់ឆ្នាំង បានបង្ក្រាប និងបំបែកសំណុំរឿងបទល្មើសធំៗជាច្រើនករណី ពិសេសបទល្មើសគ្រឿងញៀនធំៗ និងកំពុងបន្តបោសសម្អាតមុខសញ្ញាជួញដូរយ៉ាងសកម្មនៅក្នុងខេត្តកំពង់ឆ្នាំងបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានដាក់ចេញនូវយន្តការ និងផែនការបន្ថែមសម្រាប់នគរបាលខេត្តកំពង់ឆ្នាំង អនុវត្តបន្ត ដើម្បីពង្រឹងសមត្ថភាពនគរបាល និងពង្រឹងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងការបម្រើសង្គមជាតិ និងប្រជាពលរដ្ឋទូរទាំងខេត្តកំពង់ឆ្នាំងឲ្យមានសុខសុវត្ថិភាព និងល្អប្រសើរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានគូសបញ្ជាក់បន្ថែមថា នគរបាលខេត្តកំពង់ឆ្នាំង ត្រូវខំប្រឹងបន្តយុទ្ធនាការបោសសម្អាតគ្រឿងញៀន ក្មេងទំនើង សិស្សគេចសាលា និងអំពើលួចគ្រប់រូបភាព និងអំពើល្មើសច្បាប់នានា ឲ្យមានការថយចុះជាលំដាប់ និងអស់ទាំងស្រុងនាពេលបន្ដបន្ទាប់ខាងមុខ ពិសេសពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គីភ័យ ព្រោះបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ៕