ព័ត៌មានអន្តរជាតិ

ផ្លូវដែកចិន-ឡាវគ្រប់គ្រងការនាំចេញនាំចូលក្នុងទំហំ ១.៣៨លានតោនក្នុងត្រីមាសទីមួយឆ្នាំនេះ

តាមការបញ្ជាក់របស់អាជ្ញាធរគយនៃទីក្រុងគុនមីង ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ ២០២៤នេះ ផ្លូវដែកដែលជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសឡាវ បានគ្រប់គ្រងទំនិញនាំចេញ និងនាំចូលសរុបទំហំ ១.៣៨លានតោន ដោយកើនឡើង ៣៣.៦ភាគរយសម្រាប់កម្រិតប្រចាំឆ្នាំ និងជាកំណត់ត្រាខ្ពស់សម្រាប់កម្រិតត្រីមាស។

របាយការណ៍ខាងលើបញ្ជាក់ថា ទំនិញនាំចេញ និងនាំចូលដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងចិន-ឡាវ ខាងលើនេះ បានកើនឡើងពី ៥៨៣ប្រភេទក្នុងខែដំបូងនៃប្រតិបត្តិការរបស់ខ្លួនដល់ប្រហែល ៣០០០ប្រភេទគិតមកទល់ពេលនេះ។

បើតាមអាជ្ញាធរគយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីសង្វាក់គ្នា ដោយពីដំបូងត្រូវបានចាប់ផ្តើមជាមួយត្រឹមតែ ០២ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ  ហើយបានកើនឡើងដល់ ២០ជើងក្នុងមួយថ្ងៃរហូតមកទល់ពេលនេះ។

គួរបញ្ជាក់ថា គម្រោងផ្លូវដែកខាងលើនេះ គឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ (BRI) រវាងប្រទេសចិន និងឡាវដែលមានប្រវែងសរុប ១,០៣៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងគុនមីង នៃខេត្តយូណានភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងចន្ទន៍របស់ឡាវ ហើយបានចាប់ផ្តើមប្រតិបត្តិការជាលើកដំបូងក្នុងខែធ្នូ ឆ្នាំ ២០២១៕