រដ្ឋបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គភាព ជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ហើយនៅក្នុងបរិបទនៃប្រព័ន្ធផ្សព្វផ្សាយទំនើប មានល្បឿនលឿនក្នុងការផ្សាយព័ត៌មាននេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អ្នកសារព័ត៌មានទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ ស្រាវជ្រាវព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ក្តាប់ឲ្យជាប់នូវព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅត្រូវតែជាព័ត៌មានពិត មិនមែនជាព័ត៌មានក្លែងក្លាយ មិនមែនជាព័ត៌មានប្រឌិត ដែលនាំឲ្យសាធារណជនមានការភ័ន្តច្រឡំ ព្រោះថាប្រព័ន្ធផ្សព្វផ្សាយទំនើបនេះ មានល្បឿនលឿន បើសិនការផ្សព្វផ្សាយមិនត្រឹមត្រូវ ផ្សាយមិនបានផ្ទៀងផ្ទាត់បានល្អនោះទេ នឹងធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកទទួលព័ត៌មាន ប្រាកដជាពុលព័ត៌មាន ហើយព័ត៌មានមិនត្រឹមត្រូវ នាំឲ្យមានការគិតខុស សម្រេចចិត្តខុស និងវាយតម្លៃខុស ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ ។ ដូច្នេះហើយទាមទារឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តកិច្ចការងារដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ធ្វើឲ្យមានការទទួលស្គាល់ ឲ្យតម្លៃពីសាធារណជន ហើយក៏ដើម្បីភាពរស់រានរបស់ប្រព័ន្ធផ្សព្វផ្សាយផងដែរ ។

ជាមួយនេះ ឯកឧត្ដម ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ដែលបានរួមសហការគ្នាក្នុងការផ្សព្វផ្សាយព័ត៌មានពិត ។ តាមរយៈនេះ ឯកឧត្តម បានស្នើដល់អ្នកសារព័ត៌មានមួយចំនួនតូចដែលមានការប្រើប្រាស់ភាសាអសុរោះ ជេរប្រមាថដល់មន្រ្តីរាជការសាធារណៈ ប៉ះពាល់ដល់សិទ្ធិបុគ្គល ការបរិហារកេរ្តិ៍ សូមចៀសវាង ព្រោះអ្វីដែលអ្នកសារព័ត៌មានមួយចំនួនកំពុងប្រព្រឹត្ត គឺបានប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលអាចឈានទៅការប្រឈមមុខចំពោះការអនុវត្តច្បាប់ ឬការអនុវត្តវិធានការរដ្ឋបាល នៅចំពោះមុខក្រសួងព័ត៌មាន ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងមកនេះ បានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាពនៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលកំពុងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើន ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនសារព័ត៌មាន មុននឹងចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ឬទំនាក់ទំនងជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីបានព័ត៌មានកាន់តែច្បាស់យកទៅធ្វើការផ្សព្វផ្សាយឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ៕