ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សភាពការណ៍រយៈពេល០៤ថ្ងៃ នៃសង្រ្កាន្ត នៅខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅល្អប្រសើរ

បន្ទាយមានជ័យ ៖ ​រយៈពេល០​៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សភាពការណ៍សន្តិសុខ  សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់ ទន្ទឹមនោះកងកម្លាំងសមត្ថកិច្ចនគរបាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ  កម្លាំងយោធា និងសមត្ថកិច្ចផ្សេងៗទៀត រក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅតាមវត្តអារាម  រមណីយដ្ឋាននានា និងការធ្វើដំណើរកំសាន្តក្នុងភូមិសាស្រ្តខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា៖កិច្ចប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុបៈចំនួន៣.១៩២នាក់(កម្លាំងនគរបាល​ ៩៧៨នាក់ កម្លាំងប្រជាការពារ ២.២០៤នាក់)មធ្យោ      បាយៈរថយន្តស៊ឺរ៉ែនចំនួន៣៩គ្រឿង, រថយន្តអគ្គិភ័យ១៤គ្រឿង,រថយន្ត    សង្គ្រោះ០១គ្រឿង ដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ស្នងការ ចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅវត្តអារាម(២៥៦វត្ត)រមណីយដ្ឋាន(០២កន្លែង)កន្លែងកំសាន្តសប្បាយផ្សេងៗ ជាពិសេសគោលដៅសង្ក្រាន្ត សួនតេជោឈ្នះឈ្នះ ដែលរៀបចំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងសង្ក្រាន្តនៅតាមស្រុក.ក្រុង ដែលរៀបចំឡើងដោយ លោក អភិបាល ក្រុង.ស្រុក ដោយប្រើប្រាស់កម្លាំងល្បាតតាមគោលដៅសំខាន់ៗរក្សាសន្តិសុខ សុវត្ថិភាព   និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាតិ អន្តរជាតិ  ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លទ្ធផលៈទទួលបានសុវត្ថិភាពល្អប្រសើរ។

របាយការណ៍បានបញ្ជាក់ថា៖ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ សភាពការណ៍បទល្មើសព្រហ្មទណ្ឌគ្មាន។ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍កើតមាន០១លើក ស្លាប់០១នាក់  របួសធ្ងន់០១នាក់  ។សភាពការណ៍គ្រោះថ្នាក់ផ្សេងៗកើតមាន០៤លើក ក្នុងនោះ ធ្លាក់ពីលើបង្គោលខ្សែភ្លើងស្លាប់០១នាក់ ស្រុកអូរជ្រៅ  លង់ទឹកស្លាប់០២នាក់(ស្រុកអូរជ្រៅ,ស្រុកព្រះនេត្រព្រះ) គ្រោះអញគីភ័យ ឆេះផ្ទះ០២ខ្នង បន្ទប់ជួល១៣បន្ទប់ ក្រុងប៉ោយប៉ែត ។

របាយការណ៍បានបង្ហាញទៀតថា៖ភ្ញៀវទេសចរមកលេងកំសាន្តនៅតាមរម្យនីយដ្ឋាន វត្តអារាម តាមតំបន់ផ្សេងៗ និងដងផ្លូវនានាទូទាំងខេត្ត រយះពេល០៤ថ្ងៃ សរុបចំនួន៨៦២.១៦២នាក់(ភ្ញៀវជាតិចំននួន៨៥៨.៧៨៨នាក់ ភ្ញៀវបរទេសចំនួន៣.៣៧៤នាក់) ប្រើប្រៀបធៀបឆ្នាំ២០២​៣ កើនឡើង៣២.៦៣%(៨៦២.១៦២/៦៥០.០១៣)។

កត់សម្គាល់ផងដែរ៖ដោយឡែកសង្គ្រាន្តនៅសួនតេជោឈ្នះឈ្នះស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលរៀបចំឡើងដោយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចូលរួមលេងសប្បាយចំនួន ២៦៥.០២៦នាក់  កម្លាំងនគរបាល បានរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព បានល្អប្រសើរ ៕