បច្ចេកវិទ្យា

តើអ្វីទៅជា VPN ហើយវាមានដំណើរការដោយរបៀបណា?

VPN គឺជាពាក្យកាត់ដែលតំណាងឱ្យពាក្យ Virtual Private Network មានន័យជាភាសាខ្មែរថា “បណ្តាញឯកជននិម្មិត” VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពនៅពេលប្រើប្រាស់បណ្តាញអ៊ីនធឺណិតសាធារណៈដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាព និងការលួចទិន្នន័យពីជនទុច្ចរិតនៅលើប្រព័ន្ធអ៊ីនធឺណិត។ ម៉្យាងទៀត VPN ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាចចូលទៅគេហទំព័រ ឫវេទិកាណាដែលមិនត្រូវបានអនុញ្ញានៅតំបន់របស់ពួកគេពីគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។

ជាទូទៅ VPN​ ធ្វើការលាក់អាសយដ្ឋានអ៊ីនធឺណិតដែលគេហៅថា IP (Internet Protocol) ដោយអនុញ្ញាតឱ្យបណ្តាញរបស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត (ISP Internet Service Provider) ធ្វើការបញ្ជូនបន្តវាតាមរយៈម៉ាស៊ីនមេពីចម្ងាយ (remote server) ដែលដំណើរការដោយម៉ាស៊ីនមេរបស់ក្រុមហ៊ុន VPN។ នេះមានន័យថា ប្រសិនបើអ្នកប្រើប្រាស់អ៊ីនធឺណិតជាមួយ VPN នោះម៉ាស៊ីនមេរបស់ក្រុមហ៊ុន VPN នឹងក្លាយជាប្រភពនៃទិន្នន័យរបស់អ្នក ពោលគឺមិនមែនក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេតនោះទេ។ នេះមានន័យថាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតរបស់អ្នក និងភាគីទីបីផ្សេងទៀតមិនអាចដឹងពីគេហទំព័រ ឫវេទិកាណាដែលអ្នកចូលទៅប្រើប្រាស់ ឫទិន្នន័យដែលអ្នកបានផ្ញើ និងទទួលតាមអ៊ីនធឺណិតឡើយ។ ជាធម្មតា VPN ធ្វើការបម្លែងទិន្នន័យទាំងអស់របស់អ្នកប្រើប្រាស់ទៅជាទិន្នន័យដែលមិនអាចយល់បាន ដូចនេះបើទោះបីជាមាននរណាម្នាក់យកទិន្នន័យរបស់អ្នកប្រើប្រាស់បានក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ។

សរុបមក VPN បង្កើតការតភ្ជាប់ដែលមានសុវត្ថិភាព និងឯកជនភាពរវាងអ្នកប្រើប្រាស់ និងប្រព័ន្ធអ៊ីនធឺណិត ដោយចរាចរណ៍ទិន្នន័យទាំងអស់របស់អ្នកប្រើប្រាស់ត្រូវបានបញ្ជូនតាមរយៈបណ្តាញនិម្មិតដែលបានឆ្លងកាត់ដំណើរការបម្លែង ហើយវាធ្វើការលាក់អាសយដ្ឋានអ៊ីនធឺណេត (IP) ដោយមិនអនុញ្ញាតឱ្យអ្នកផ្សេងដឹងពីទីតាំងដែលរបស់អ្នកប្រើប្រាស់នោះទេ។ មួយវិញទៀត ការភ្ជាប់ VPN ក៏មានសុវត្ថិភាពសម្រាប់ប្រឆាំងនឹងការវាយប្រហារពីខាងក្រៅផងដែរ។

ដើម្បីឲ្យកាន់តែច្បាស់ សូមមើលការពន្យល់ជារូបភាពដូចខាងក្រោម។