ព័ត៌មានអន្តរជាតិ

Apple កំពុងពិចារណាបើករោងចក្រនៅឥណ្ឌូនេស៊ីបន្ទាប់ពីបានឈរជើងនៅវៀតណាម

យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Apple នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះនឹងពិនិត្យមើលលើផែនការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីលោកបានជួបជាមួយលោកប្រធានាធិបតី Joko Widodo

ពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook កំពុងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីក្រោយចុះចតកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោក Tim Cook បានជួបជាមួយលោកប្រធានាធិបតី Jokowi នៅថ្ងៃពុធនេះ ហើយគ្រោងនឹងចូលរួមពិធីសម្ពោធសាលាអភិវឌ្ឍន៍ទីបួនរបស់ Apple នៅលើកោះបាលីក្នុងសប្តាហ៍នេះផងដែរ។

ប្រាប់ទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Cook បានឲ្យដឹងថា “យើងបាននិយាយអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតីក្នុងការសម្លឹងទៅរកការផលិតនៅក្នុងស្រុក ហើយវាគឺជាអ្វីដែលយើងនឹងពិនិត្យមើល”

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple មិនមានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៨មក ក្រុមហ៊ុននេះបានបង្កើតសាលាសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីចំនួន ០៤ហើយ ដែលមានតម្លៃសរុប ១.៦ពាន់ពាន់លានរូពី ដែលស្មើនឹងប្រមាណ ៩៩លានដុល្លារអាមេរិកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី លោក Agus Gumiwang Kartassmita ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើផងដែរនោះបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ប្រសិនបើក្រុមហ៊ុន Apple សម្រេចចិត្តក្នុងការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីមែន នោះវានឹងមានសមត្ថភាពទាំងសម្រាប់ការនាំចេញផងដែរ ដោយលោកបានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងពិភាក្សាអំពីរបៀបដែលរោងចក្រ Apple ក្នុងប្រទេសឥណ្ឌូនេស៊ី អាចក្លាយជាខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទន្ទឹមគ្នានេះ លោកបានបន្តថា បើទោះបីជា Apple មិនសាងសង់រោងចក្រក៏ដោយ ក្រុមហ៊ុននេះក៏អាចចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុករបស់ឥណ្ឌូនេស៊ីក្នុងការផលិតគ្រឿងបន្លាស់ផងដែរ។

គួរឲ្យដឹងថា បច្ចុប្បន្ន Apple មានរោងចក្រផលិត iPads, AirPods, Apple Watches និង MacBooks នៅក្នុងប្រទេសវៀតណាមរួចហើយ។

ដោយឡែក ក្រៅពីវៀតណាម ឥណ្ឌូណេស៊ីក៏ជាប្រទេសអាស៊ីអាគ្នេយ៍មួយដែលជាទីផ្សារគោលដៅសំខាន់សម្រាប់ការវិនិយោគទាក់ទងនឹងបច្ចេកវិទ្យាផងដែរ ដោយសារប្រទេសនេះមានប្រជាជនច្រើន និងមានចំណេះជំនាញខ្ពស់ផ្នែកបច្ចេកវិទ្យា៕