ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ពោធិ៍សាត់៖  ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប មានការចូលរួមពីមេភូមិ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវសារិ ឋានៈអធិការ បានចុះបង្រ្កាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១និង៥០នាទី។

លោកវរសេនីយ៍ឯក កែវ សារិ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ឈ្មោះ ម៉ៅ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាម្ចាស់ផ្ទះ) ឈ្មោះ កៅ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាន់ចែសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឈ្មោះ ស៊ឹម សុផាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។

ឈ្មោះ ជុន រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ និងវត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំទម្ងន់៣៣,២១(គិតសាច់ថ្នាំ) ,ឧបករណ៍ជក់ថ្នាំញៀនចំនួន១កំប្លេ ,ដែកកេះចំនួន២ដើម,ទូរសព្ទដៃចំនួន៣គ្រឿង ,ម៉ូតូចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ នឹងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីបន្ត៕