ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យប្រុស ស្រី ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ 

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស ស្រី ០២នាក់ រួមទាំងវត្ថុតាងក្រោយពីឃាត់ខ្លួនត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ៖ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ក៏ដូចជានគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាល ក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម លើបទល្មើសគ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ ជាលទ្ធផលនៅវេលាម៉ោង១២យប់រំលងអាធ្រាតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្រ្កាបករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀននិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់  ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលធ្វើតេស្តស្វែងរកសារធាតុញៀនជាប់០១នាក់ (ប្រុស) ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា ៖ ជនសង្ស័យទាំង០២នាក់ ៖១ ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិ មិត្តភាព សង្គាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២ ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ទៀតថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖១/- ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ ស្មើទម្ងន់២,១១ក្រាមសាច់ថ្នាំសុទ្ធ។២/- ថ្នាំកញ្ចប់រូបទំពាំងបាយជូមានអក្សGrapa frait tea(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់៤,៤៧០ក្រាម សាច់ថ្នាំសុទ្ធ។៣/- ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះ(MDMA)ចំនួន៥០០កញ្ចប់ស្មើទម្ងន់២,៣០៥ក្រាមសាច់ថ្នាំសុទ្ធ ។៤/- រថយន្តចំនួន០១គ្រឿង ម៉ាកព្រូសពណ៌ស ។៥/- ទូរស័ព្ទដៃចំនួន០២គ្រឿង ។ទម្ងន់សរុបចំនួន ៦.៧៧៧,១១ក្រាមសាច់ថ្នាំសុទ្ធ  ៕