ព័ត៌មានក្នុងប្រទេស

ពលរដ្ឋនៅតាមស្រុកស្រែជនបទ​ មួយចំនួន​នៅតែបន្តមានជំនឿ​ ប្រារព្ធ​ពិធី “ឡើង​តា​ ឬ​ ឡើងអ្នកតា​”​ បន្ទាប់​ពីបញ្ចប់ថ្ងៃចូលឆ្នាំថ្មី​ ដើម្បីសុំសេចក្តីសុខ

បន្ទាយមានជ័យ​ ៖ ទំនៀមទំលាប់ និងជំនឿ ដែលមានតាំងពីដូនតាមកស្ទើរនឹងតែបាត់បង់​ហើយនោះ តែត្រូវបានប្រជាពលរដ្ឋមួយចំនួនតូចនៅតែគោរពនិងមានជំនឿ​ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិខ្លែងពណ៌ជើង​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ តែងតែមានការរៀបចំប្រារព្ធពិធីនេះ​ជារៀងរាល់ឆ្នាំ​ ដែលអ្នកភូមិនៅទីនោះនិយមហៅថា​ “ពិធីឡើង​តា​ ឬ​ ឡើងអ្នកតា​”​ បន្ទាប់​ពី​បញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ពោលគឺបន្ទាប់ពីពិធីត្រាស់នៅតាមទីវត្តអារាម​ ឬត្រាស់​ភូមិ​ ដែលគេជ្រើសរើសនូវពេលវេលាសមស្របណាមួយ​ ដើម្បីរៀបចំនូវសំណែន​ សែនព្រេន ដោយមានក្បាលជ្រូក​ មាន់ស្ងោរ​ នំ​ ចំណី​ បង្អែម ចំអាមផ្សេងៗ​ ដើម្បីសែនព្រេន​ ដល់អារុក្ខអារក្ស​ អ្នកតា​ សុំ​សេចក្តីសុខចម្រើនដល់កូនចៅនៅក្នុងភូមិ​ឋាន ។

បើតាមការបញ្ជាក់ពីចាស់ព្រឹទ្ធាចារ្យ​ម្នាក់​ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា​ ៖​ នៅពេលចប់ពីធីបុណ្យចូលឆ្នាំ​ គឺនិងជិតដល់រដូវដាំដំណាំ​ ធ្វើស្រែ​ ចម្ការផ្សេងៗ​ អ្នកភូមិតែងតែនាំគ្នារៀបចំពីធីដង្ហែរគ្រឿងសំណែនផ្សេងៗ​ ទៅកាន់ខ្ទមអ្នកតានិងរាំជុំវិញខ្ទម​ ដែលតាំងនៅក្នុងភូមិ​ ដើម្បីសែនព្រេន​ បន់ស្រន់​ អារុក្ខអារក្ស​ អ្នកតា​ ជាម្ចាស់ទឹកដី​ ព្រៃភ្នំដែលថែរក្សាភូមិ​ឋាន​ ដើម្បីសុំសេចក្តីសុខចម្រុងចម្រើន​ សុំឱ្យមានទឹក​មានភ្លៀង​គ្រប់គ្រាន់​ ពិសេសឱ្យការបង្កបង្កើនផលដំណាំផ្សេងៗទទួលបានទិន្នផលខ្ពស់​ ក៏ដូចជាបណ្តេញនូវគ្រោះឧបទ្រពចង្រៃទាំងឡាយទាំងពួងចេញពីមូលដ្ឋាន​ ដោយនាំមកនូវភាពសុខសប្បាយ​ដល់អ្នកភូមិ ។

សូមបញ្ជាក់ផងដែរ​ថា​ ពិធី​ “​ ឡើងតា​ ឬឡើងអ្នកតា”​ នេះត្រូវបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ​ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្ដងណាឡើយ។ ដោយពួកគាត់តែងតែមានជំនឿថា​ នៅពេលបងប្អូនពលរដ្ឋណាម្នាក់ឈឺស្កាត់ផ្សេងៗ​ ឬក៏មានបញ្ហាផ្សេងៗ​ ទាក់ទងនិងជំនឿ​​ អ្នកភូមិតែងធ្វើការបន់ស្រន់ដល់អារុក្ខអារក្ស​ អ្នកតាដែលនៅមានជំនឿ​ ប៉ុន្តែអ្នកភូមិខ្លះក៏មិនសូវមានការរៀបចំធ្វើនោះ​ទេ មានតែមួយចំនួនតូចតែប៉ុណ្ណោះ​ ដែលមានការរៀបចំពីធី​នេះ​ ហើយការរៀបចំនេះទៅតាមតំបន់ដែលអ្នកភូមិមានជំនឿទៅលើ អារុក្ខអារក្ស អ្នកតាម្ចាស់ស្រុក៕​