ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សារលិខិតរំលែកមរណទុក្ខ ផ្ញើជូនក្រុមគ្រួសារនៃសពយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ឆ្នាំង៖ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីរន្ធត់តក់ស្លុត ក្ដុកក្ដួលឥតឧបមា និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់ យោធិនពលីទាំងអស់ ដែលត្រូវជាសាច់ញាតិ បានទទួលមរណភាពដោយឧបទ្ទវហេតុផ្ទះគ្រាប់ នៅយោធភូមិភាគ ទី៣ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈកំពុងបំពេញការងារ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ នេះជាមួយ ក្រុមគ្រួសារយោធិនពលីទាំងអស់ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការ បាត់បង់ដ៏ធំធេងនូវសាច់ញាតិ ដែលបានពលិកម្មចំពោះជាតិ មាតុភូមិ និងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ។

យើងខ្ញុំសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ យោធិនពលីទាំងអស់ បានទៅកាន់ឋានបរមសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមជូនពរដល់យោធិនរងរបួស និងជនរងគ្រោះក្នុងឧបទ្ទវហេតុនេះទាំងអស់ ដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ សូមឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីបន្តបំពេញការងាររបស់ខ្លួន បានជាឧត្តមប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល ក៏ដូចជាបានជួបជុំ ក្រុមគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន កុំបីខានឡើយ។

សូម ក្រុមគ្រួសារយោធិនពលី និងជនរងគ្រោះទាំងអស់ ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីយើងខ្ញុំ ទាំងអស់គ្នា ៕