ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាលួចម៉ូក្រឡុកស៊ីម៉ងត៍ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទីព្រឹក នៅចំណុច ក្រុមទី៨ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច (ម៉ូក្រឡុកស៊ីម៉ងត៍) មួយកើតឡើង របស់ជនរងគ្រោះឈ្មោះ យុន ធី ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់រួមមាន ម៉ូក្រឡុកស៊ីម៉ង់ត៍ចំនួន០១ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ០២នាក់
១.ឈ្មោះ ហួត សុភាព ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ រ៉ុង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរំចេក២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានទៅស្ទូចលួចយកម៉ូក្រឡុកស៊ីម៉ង់ត៍ របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានមាន៖
-ម៉ូក្រឡុកស៊ីម៉ង់ត៍ចំនួន០១
-លូចំនួន ០៤កង់
-រថយន្តស្ទូចម៉ាក FU SO ពណ៍សរ ពាក់ស្លាកលេខសៀមរាប 3A-0656 ចំនួន ០១គ្រឿង ។

ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕