ព័ត៌មានអន្តរជាតិ

សាលាក្នុងប្រទេស​ហ្វីលីពីនបន្ត​រង​គ្រោះ​ដោយសាររលក​កម្ដៅ​ខ្លាំងដែលត្រូវបង្ខំចិត្តបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ

(ម៉ានីល)៖ ក្នុងរយៈពេលចុងក្រោយនេះ បញ្ហារលកកំដៅក្តៅខ្លាំងក្នុងប្រទេសហ្វីលីពីន បានបង្កឲ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម បង្អាក់ចរន្តទឹក និងថាមពល និងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មនានានៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ។ មិនតែប៉ុណ្ណោះវាក៏បានបង្កឱ្យមានផលប៉ះពាល់ដល់វិស័យអប់រំដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសនេះក្នុងការដើរតាមឲ្យទាន់ប្រទេសជិតខាងខ្លួនក្នុងវិស័យអាទិភាពនេះផងដែរ។

សូមជម្រាថា សន្ទស្សន៍កំដៅក្នុងប្រទេសហ្វីលីពីនបានឡើងដល់ ៥០អង្សារសេនៅក្នុងតំបន់មួយចំនួនដោយសារបាតុភូតអាកាសធាតុ El Nino បានបង្កើនកំដៅគ្របដណ្តប់លើប្រទេសនេះក្នុងរដូវក្តៅដែលមានរយៈពេលចាប់ពីខែមីនាដល់ខែឧសភា។

ទិន្នន័យរបស់ក្រសួងអប់រំហ្វីលីពីនបង្ហាញថា មានសាលារៀនរាប់ពាន់បានផ្អាកការបង្រៀនក្នុងថ្នាក់ ដោយសារតែបញ្ហាកំដៅឡើងខ្លាំងដែលបានបង្កជាផលប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង ៣.៦លាននាក់។

លោក Xerxes Castro ទីប្រឹក្សាអប់រំមូលដ្ឋាននៅអង្គការ  Save the Children Philippines បាននិយាយថា “ក្នុងខែឧសភា យើងរំពឹងថានឹងមានការផ្អាកការបង្រៀនក្នុងថ្នាក់បន្ថែមទៀត ដោយសារតែរលកកំដៅ។ យើងឃើញថាកំដៅជាមធ្យមមានកម្រិតលើសពី ៥២ អង្សាសេ ដូច្នេះអ្នកអាចស្រមៃមើលថាតើវានឹងមានភាពតានតឹងប៉ុណ្ណាសម្រាប់សិស្សនុសិស្ស”

សូមបញ្ជាក់ថា មិនត្រឹមតែក្នុងប្រទេសហ្វលីពីនប៉ុណ្ណោះទេ ក្នុងរដូវប្រាំងនេះ បញ្ហារលកកំដៅឡើងខ្លាំងបាននិងកំពុងរីករាលដាលពាសពេញតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយវាកាន់តែរមានសភាពធ្ងន់ធ្ងរឡើងៗដោយការប្រែប្រួលអាកាសធាតុ ហើយបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជន។

យោងតាមអង្គការ Save the Children Philippines កុមារមានភាពងាយរងគ្រោះជាពិសេសចំពោះជំងឺដែលទាក់ទងនឹងកំដៅ ដូចជាវិលមុខ ក្អួត និងដួលសន្លប់ នៅពេលដែលពួកគេស្ថិតក្រោម ឫក្នុងកន្លែងដែលមានកំដៅខ្លាំងក្នុងរយៈពេលយូរ។

ទោះបីជាមានដំណោះស្រាយកក្នុងការបង្រៀនតាមប្រព័ន្ធអនឡាញយ៉ាងណាក្តី សិស្សានុសិស្ស និងគ្រូបង្រៀនមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការលំបាកក្នុងការបង្រៀន និងការរៀនពីចម្ងាយ ជាពិសេសនៅតំបន់ក្រីក្រ ដែលទីលំនៅរបស់សិស្សមិនអំណោយផលសម្រាប់ការសិក្សា និងខ្វះលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត៕