ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ​គ្រោង​ដំឡើង​ប្រាក់​ឈ្នួលគោល​អប្បបរមា​ប្រចាំ​ថ្ងៃ​ដល់ ​៤០០​បាត​ក្នុង​ខែ​តុលា

(បាងកក)៖ យោងតាមការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងដំឡើងប្រាក់ឈ្នួលគោលអប្បបរមាប្រចាំថ្ងៃដល់ ៤០០បាត ឫ ១០,៨៤ដុល្លារអាមេរិកចាប់ពីខែតុលាខាង​មុខ ដោយលើកឡើងថានេះគឺជាគោលនយោបាយដែលអាចជួយលើកកម្ពស់ដល់ការប្រើប្រាស់ក្នុងស្រុកនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បាននិយាយថា គណៈកម្មាធិការមួយនឹងជួបប្រជុំគ្នានៅខែនេះ ដើម្បីវាយតម្លៃថាឧស្សាហកម្មណាដែលនឹងត្រូវរៀបចំសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ ហើយអ្វីដែលអាចផ្តល់ជាជំនួយដល់ឧស្សាហកម្មដែលមិនទាន់មានភាពរួចរាល់សម្រាប់ការដំឡើងនេះ។

សូជម្រាបថា ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤របស់ខ្លួនមកត្រឹម ២,៤ភាគរយពីកម្រិត ២,៨ភាគរយ ប៉ុន្តែបានគូសបញ្ជាក់ថា កំណើននៅតែអាចឈានដល់ ៣,៣ភាគរយ ប្រសិនបើគម្រោងចែកប្រាក់តាមកាបូបឌីជីថលដែលមានទំហំ ៥០០ពាន់លានបាតអាចដំណើរការទៅមុខបានក្នុងត្រីមាសទីបួនតាមការរំពឹងទុកដោយវានឹងជួយជំរុញដល់ការចំណាយរបស់ប្រជាជន។

សូមរំលឹកថា កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាលថៃ​បាន​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃក្នុងកម្រិត ២,៣៧ភាគរយ​ពី ៣៣០បាត ទៅ ៣៧០បាត ប៉ុន្តែអត្រានេះត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ស្រ៊ីថា ថាវីស៊ីន ចាត់​ទុក​ថាជាមានកម្រិត​ទាប​ពេក។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៣ គណបក្ស ភឿថៃ របស់លោក ស្រ៊ីថា ដែលជាបក្សកំពុងកាន់អំណាចបានប្រកាសដោយសន្យាថានឹងដំំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យដល់ ៦០០បាតនៅឆ្នាំ ២០២៧៕