ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

សហរដ្ឋអាមេរិកជំរុញឱ្យចិន និងរុស្ស៊ីប្រកាសដោយប្តេជ្ញាថាមានតែមនុស្សជាតិប៉ុណ្ណោះទើបអាចគ្រប់គ្រងអាវុធនុយក្លេអ៊ែរបាន មិនមែន AI នោះទេ

យោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូបនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីតោនបានជំរុញឱ្យប្រទេសចិន និងរុស្ស៊ីចេញសេចក្តីប្រកាសដូចសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានធ្វើឡើងកាលពីពេលថ្មីៗដែលប្តេជ្ញាថា មានតែមនុស្សជាតិប៉ុណ្ណោះទើបធ្វើការសម្រេចចិត្តលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបាន ពោលគឺមិនមែនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទេ។

លើកឡើងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសអាមេរិក លោក Paul Deanបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងរឹងមាំថាមានតែមនុស្សជាតិទេទើបមានសិទ្ធិគ្រប់គ្រងទាំងស្រុងលើអាវុធនុយក្លេអ៊ែរ ហើយប្រទេសបារាំង និងចក្រភពអង់គ្លេសក៏បានធ្វើការប្តេជ្ញាចិត្តបែបនេះដូចគ្នាផងដែរ។

លោក Dean ដែលជាជំនួយការលេខាធិការរងនៃការិយាល័យគ្រប់គ្រងអាវុធ ទប់ស្កាត់ និងរក្សាស្ថិរភាពបាននិយាយថា “យើងសូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ដូចគ្នាពីសំណាក់ប្រទេសចិន និងសហព័ន្ធរុស្ស៊ី។ យើងគិតថាវាជាបទដ្ឋានដ៏សំខាន់បំផុតនៃអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវ ហើយយើងគិតថាវាជាអ្វីដែលនឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំងនៅក្នុងបរិបទ P5P5 គឺសំដៅលើសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការកត់សម្គាល់របស់លោក Dean ខាងលើនេះបានធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ព្យាយាមធ្វើឱ្យមានភាពស៊ីជម្រៅនៃការពិភាក្សាដាច់ដោយឡែកជាមួយចិន ជុំវិញគោលនយោបាយអាវុធនុយក្លេអ៊ែរ និងការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

គួរឲ្យដឹងថា ប្រធានបទនៃការរីករាលដាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) បានលេចឡើងក្នុងអំឡុងកិច្ចពិភាក្សាដ៏ធំទូលាយរវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៦ មេសាកន្លងទៅ ដោយក្នុងជំនួបនោះ លោក Blinken បាននិយាយថា ភាគីទាំងពីរបានយល់ព្រមបង្កើតកិច្ចពិភាក្សាទ្វេភាគីជាលើកដំបូងស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដែលប្រមុខការទូតប្រទេសទាំងពីរនឹងចែករំលែកទស្សនៈអំពីរបៀបដែលល្អបំផុតក្នុងការគ្រប់គ្រងហានិភ័យ និងសុវត្ថិភាពជុំវិញបច្ចេកវិទ្យានេះ។

ជាផ្នែកមួយនៃការធ្វើឱ្យទំនាក់ទំនងយោធារវាងប្រទេសទាំងពីរវិលត្រលប់ទៅរកភាពប្រក្រតីវិញ មន្ត្រីអាមេរិក និងចិនបានបន្តការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរកាលពីខែមករា ប៉ុន្តែការចរចាជាផ្លូវការអំពីការគ្រប់គ្រងអាវុធមិនត្រូវបានគេរំពឹងថានឹងកើតឡើងក្នុងពេលឆាប់ៗនេះនោះទេ។

គួររំលឹកថា កាលពីខែកុម្ភៈ ប្រទេសចិនដែលកំពុងពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន បានជំរុញឲ្យក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតក្នុងពិភពលោក គួរតែចរចារលើសន្ធិសញ្ញាដែលប្តេជ្ញាមិនប្រើប្រាស់អាវុធដ៏ប្រល័យនេះដាក់គ្នាទៅវិញទៅមកមុននោះ៕