ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសសមាជិកអាស៊ានជួបពិភាក្សាគ្នាស្តីពីកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំណង់

(វៀងច័ន្ទ)៖ នៅថ្ងៃសុក្រនេះ តំណាងមកពីប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជួបពិភាក្សាគ្នាស្តីពីការកែលម្អ ការគ្រប់គ្រងសម្ភារសំណង់ និងអគារ ក៏ដូចជាការសម្របសម្រួលការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងឱកាសនៃកិច្ចប្រជុំលើកទី ១០នៃក្រុមការងារសាងសង់ និងសំណង់ (Building and Construction Working Group) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០២ និងទី ០៣ ខែឧសភានេះនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវដែលជាប្រធានផ្លាស់វេនអាស៊ានសម្រាប់ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំខាងលើបានដើរតួជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មស្តង់ដារ ក៏ដូចជាការវាយតម្លៃពីអនុលោមភាពសម្រាប់អគារ និងវិស័យសំណង់ក្នុងតំបន់អាស៊ាន សម្របសម្រួលការផ្លាស់ប្តូរគំនិត និងព័ត៌មាន និងការបង្កើនទំនាក់ទំនងជាដើម ដោយអ្នកចូលរួមបានពិភាក្សាអំពីគោលការណ៍ណែនាំនៃការវាយតម្លៃពីហានិភ័យសម្រាប់អគារ និងសម្ភារសំណង់។

ទន្ទឹមគ្នានេះ កិច្ចប្រជុំខាងលើក៏មានគោលបំណងក្នុងការបន្តការស្រាវជ្រាវ និងការពិភាក្សាលើការដោះស្រាយបញ្ហាចម្បងដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំមុនៗ និងរៀបចំផែនការសម្រាប់ការងារនាពេលអនាគតផងដែរ។

លើសពីនេះ នៅក្នុងកិច្ចប្រជុំខាងលើ អ្នកចូលរួមក៏បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍ស្តង់ដារឧស្សាហកម្ម និងការវាយតម្លៃពីការអនុលោមនៅតាមប្រទេសរៀងៗខ្លួនផងដែរ៕