ព័ត៌មានអន្តរជាតិ

របប​យោធា​មីយ៉ាន់ម៉ា​ចេញវិធានការហាម​ឃាត់ពលរដ្ឋជាបុរស​មិន​ឲ្យចេញទៅ​ធ្វើ​ការ​នៅ​បរទេស

ក្នុងសប្តាហ៍នេះ របប​យោធា​មីយ៉ាន់ម៉ា​បានចេញសេចក្តីប្រកាសមួយស្តីពីការ​ផ្អាក​ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យពលរដ្ឋជា​បុរសស្នើសុំបែបបទចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស ដោយវិធានការនេះត្រូវបានប្រកាសឡើងប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​យោធាដែលតម្រូវឲ្យពលរដ្ឋជាបុរសក្នុងប្រទេសនេះមានកាតព្វកិច្ចបម្រើក្នុងជួរកងទ័ព និងដែលបាន​ជំរុញនាំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ព្យាយាម​ចាក​ចេញ​ពី​ប្រទេសនេះ។

សូមជម្រាបថា របបយោធាមីយ៉ាន់ម៉ាដែលកំពុងតស៊ូប្រយុទ្ធដើម្បីបង្រ្កាបក្រុមអ្នកតស៊ូដែលបានវាយដណ្តើមយកទីតាំងសំខាន់ៗមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ កាលពីខែកុម្ភៈបានលើកឡើងថា ខ្លួននឹងអនុវត្តច្បាប់ដែលនឹងតម្រូវឲ្យពលរដ្ឋជាបុរសទាំងអស់ត្រូវចូលបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ ០២ឆ្នាំ។

វិធានការខាងលើនេះបានជំរុញឲ្យមនុស្សរាប់ពាន់នាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅខាងក្រៅស្ថានទូតបរទេសនានាក្នុងរដ្ឋធានីយ៉ាំងហ្គោន ហើយចំនួនទៀតបានឆ្លងចូលទៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងដើម្បីគេចពីច្បាប់នេះ។

ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ដែលត្រូវ​បាន​បង្ហោះ​ដោយ​ក្រុម​ព័ត៌មាន​របស់​របប​យោធា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ០២ ឧសភាសប្តាហ៍នេះ ​ក្រសួង​ការងារមីយ៉ាន់ម៉ាបានប្រកាសពីការផ្អាក​ជា​បណ្ដោះ​អាសន្នសម្រាប់ការទទួល​យក​ពាក្យស្នើ​សុំ​ពីពលរដ្ឋជា​បុរស​ដែល​ចង់​ចេញទៅធ្វើ​ការ​នៅ​បរទេស។

ក្រសួងខាងលើនេះបានបន្តថា វិធានការនេះគឺជារឿងចាំបាច់ក្នុងការចំណាយពេលវេលាបន្ថែមទៀតលើការផ្ទៀងផ្ទាត់ដំណើរការនៃការចាកចេញ និងបញ្ហាផ្សេងទៀតរបស់អ្នកស្នើសុំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

យោងតាមការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិដែលដកស្រង់តួលេខពីរដ្ឋាភិបាលមុនបានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ មានជនជាតិមីយ៉ាន់ម៉ាជាង ៤លាននាក់កំពុងធ្វើការនៅបរទេស ប៉ុន្តែអ្នក​វិភាគជាច្រើនបាន​និយាយ​ថា មានអ្នកធ្វើការនៅ​បរទេស​ជា​ច្រើនមិនស្ថិតនៅក្នុងបញ្ជីខាងលើនេះនោះទេ ដែលនេះមានន័យថាចំនួនជាក់ស្តែងអាចនឹងលើសពីតួលេខខាងលើ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីការចូល​បម្រើ​យោធា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​របប​យោធា​មុន​ក្នុង​ឆ្នាំ ២០១០ ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​ជា​ធរមាន​ឡើយ។

ច្បាប់នោះអនុញ្ញាតឱ្យយោធាអាចកោះហៅពលរដ្ឋជាបុរសទាំងអស់ដែលមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨ ដល់ ២៧ឆ្នាំឱ្យចូលបម្រើកងទ័ពយ៉ាងហោចណាស់ ០២ឆ្នាំ។

ក្រៅពីនេះ ច្បាប់នោះក៏មានចែងពីបទប្បញ្ញត្តិដែលលើកឡើងថា ក្នុងគ្រាដែលប្រទេសមានអាសន្ន លក្ខខណ្ឌនៃការបម្រើយោធាអាចបន្តរហូតដល់ ០៥ឆ្នាំ ហើយអ្នកដែលព្រងើយកន្តើយនឹងការកោះហៅឲ្យចូលបម្រើយោធាអាចត្រូវជាប់គុកក្នុងរយៈពេលដូចគ្នា៕