ព័ត៌មានអន្តរជាតិ

កំណើនតម្រូវការប្រេងឥន្ធនៈសកលនឹងធ្លាក់ចុះនៅឆ្នាំនេះដោយសារកំណើនរថយន្តអគ្គីសនី (EV)

យោងតាមការវិភាគមួយរបស់ស្ថាប័ន Wood Mackenzie ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា កំណើនតម្រូវការប្រេងឥន្ធនៈសកលអាចនឹងមានការធ្លាក់ចុះនៅពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៤នេះ ដែលជំរុញដោយទំនោរនៃការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក និងការវិលត្រឡប់ទៅរកការប្រើប្រាស់ក្នុងកម្រិតធម្មតាវិញបន្ទាប់ពីមានការស្ទុះឡើងខ្លាំងនៃតម្រូវការកាលពីឆ្នាំមុនក្រោយវិបត្តិជំងឺកូវីដ-១៩។

របាយការណ៍របស់ស្ថាប័ន Wood Mackenzie ដែលមា នមូលដ្ឋានក្នុងចក្រភពអង់គ្លេសខាងលើបានបញ្ជាក់ថា ជាមួយកំណើនដែលមានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០២០ តម្រូវការប្រេងសាំងទំនងជានឹងមានការកើនឡើងក្នុងកម្រិត ៣៤០,០០០បារ៉ែលក្នុងមួយថ្ងៃ ឫ២៦,៥លានបារ៉ែលក្នុងមួយឆ្នាំសម្រាប់ឆ្នាំនេះ ពោលគឺធ្លាក់ចុះពីកម្រិតកំណើន ៧០០,០០០បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំមុន ខណៈដែលប្រទេសចិនបានឈានជិតដល់ចំណុចកំពូលនៃតម្រូវការប្រងឥន្ធនៈ ហើយសហរដ្ឋអាមេរិកបានដើរលើសចំណុចកំពូលដែលខ្លួនបានកំណត់ទៅហើយ។

លោក Sushant Gupta អ្នកវិភាគប្រចាំស្ថាប័ន Wood Mackenzie បាននិយាយថា ការជ្រៀតចូលនៃរថយន្តអគ្គិសនីបាននិងកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។ សម្រាប់ឆ្នាំនេះ តម្រូវការប្រេងឥន្ធនៈក្នុងប្រទេសចិននឹងមានកំណើនត្រឹមតែ ១០,០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតែការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV)

បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) ប្រទេសចិន ដែលជាអ្នកជំរុញតម្រូវការប្រេងឥន្ធនៈធំជាងគេរបស់ពិភពលោកនោះ ត្រូវបានគេរំពឹងថានឹងមានចំណែកប្រមាណជិតពាក់កណ្តាលនៃការលក់រថយន្តអគ្គីសនី (EV) សរុបនៅទូទាំងពិភពលោក្នុងឆ្នាំនេះ។

IEA បានប៉ាន់ប្រមាណថា ខណៈដែលការធ្លាក់ចុះនៃតម្លៃជួយជំរុញឱ្យមានតម្រូវការ ចំណែកនៃរថយន្តអគ្គិសនី (EV) ដែលលក់នៅក្នុងឆ្នាំនេះអាចនឹងឈានដល់ ៤៥ភាគរយនៅក្នុងប្រទេសចិន ប្រហែល ២៥ភាគរយនៅអឺរ៉ុប និងច្រើនជាង ១១ភាគរយនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើតាមការប្រៀបធៀបសន្ទុះនៃការលក់រថយន្តជាមួយកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ និងការជ្រៀតចូលក្នុងកម្រិតទាបនៃរថយន្តអគ្គិសនី (EV) តម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ីកំពុងមានការកើនឡើងខ្លាំង។

តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលឥណ្ឌា ការប្រើប្រាស់ប្រេងឥន្ធនៈរបស់ប្រទេសនេះនឹងឈានដល់កំណត់ត្រាថ្មីជាមួយចំនួន ៣៩,២លានតោន ឫ ៩០៨,០០០បារ៉ែលក្នុងមួយថ្ងៃគិតចាប់ពីខែមីនា ឆ្នាំ២០២៤នេះរហូតដល់ខែមីនា ឆ្នាំ២០២៥ ដោយកើនឡើងប្រហែល ៥ភាគរយពីចំនួន ៣៧,២លានតោនសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន៕