ព័ត៌មានអន្តរជាតិ

តម្លៃអង្ករនាំ​ចេញរបស់​វៀតណាម​ឡើងដល់កម្រិតខ្ពស់ជាងគេក្នុង​ពិភពលោក​សារជាថ្មី

(ហាណូយ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅថ្ងៃចន្ទនេះដោយ​ដក​ស្រង់ប្រភពពី​សមាគម​ស្បៀងអាហារ​វៀតណាមបានឲ្យដឹងថា កាលពីសប្តាហ៍មុន តម្លៃអង្ករវៀតណាមនៅលើទីផ្សារពិភពលោកបានឡើងថ្លៃចន្លោះពី ៣ ទៅ ៨ដុល្លារអាមេរិកក្នុងមួយតោន ដោយបានជួយឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់យកតំណែងកំពូលជាប្រទេសដែលមានតម្លៃអង្ករនាំចេញថ្លៃជាងគេជាថ្មីម្តងទៀត។

តាមការបញ្ជាក់ពីសមាគម​ស្បៀងអាហារ​វៀតណាម តម្លៃ​អង្ករ​បាក់​ ៥​ភាគរយ​របស់​វៀតណាមបានឡើងថ្លៃដល់ ៥៨៥ដុល្លារ​ក្នុង​មួយ​តោន ​ខ្ពស់​ជាង​ប្រភេទ​ដូចគ្នា​របស់​ប្រទេសថៃ ០៣ដុល្លារ​ក្នុង​មួយ​តោន និងខ្ពស់ជាងប្រភេទ​ដូចគ្នា​របស់​ប៉ាគីស្ថាន ១០ដុល្លារ​ក្នុង​មួយ​តោន​។ ចំណែក អង្ករ​បាក់ ​២៥​ភាគរយ​ និង ​១០០​ភាគរយរបស់ប្រទេសនេះ​មាន​តម្លៃ ​៥៥៥​ដុល្លារ​ និង ​៤៧០​ដុល្លារ​ក្នុង​មួយ​តោន។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ប្រទេសវៀតណាមរកចំណូលបាន ២,០៨ពាន់លានដុល្លារក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះពីការនាំចេញអង្ករចំនួន ៣,២៣លានតោន កើនឡើង ៣៦,៥ភាគរយគិតជាតម្លៃ និង ១១,៧ភាគរយគិតជាបរិមាណធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមក្រសួងខាងលើ ទិន្នផលអង្កររបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤៣លានតោនក្នុងឆ្នាំ២០២៤នេះ ដែលអាចធានាបាននូវការប្រើប្រាស់ក្នុងស្រុក និងបំពេញតម្រូវការនាំចេញច្រើនជាង ៨លានតោន៕