រដ្ឋបាលរាជធានី-ខេត្ត

មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រជុំពង្រឹងសេវាមូលដ្ឋានសុខាភិបាលថ្នាក់មណ្ឌលសុខភាព និងការផ្សព្វផ្សាយអំពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម 

បន្ទាយមានជ័យ ៖ នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានរៀបចំបើកកិច្ចប្រជុំពង្រឹងសេវាមូលដ្ឋានសុខាភិបាលថ្នាក់មណ្ឌលសុខភាព និងការផ្សព្វផ្សាយអំពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ក្រោមអធិបតីភាព លោកជំទាវ ​ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីរ លោកស្រី រស់ សុផានី អភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្ត លោក Song Yonggun ប្រធានអង្គការ KOFIH ប្រចាំនៅកម្ពុជា លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានការិយាល័យចំណុះមន្ទីរ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៦ ប្រធានមណ្ឌលសុខភាពទាំង៦៨ មន្ត្រីសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ដោយបញ្ជាក់ថា៖ សមិទ្ធផលសុខាភិបាលដែលសម្រេចបាននៅឆ្នាំ ២០២៣ គឺជាលទ្ធផលនៃការចូលរួមចំណែកបំពេញការងារដោយបុរេសកម្ម ពីមន្ត្រីសុខាភិបាលគ្រប់រូប តាមឋានានុក្រមនៃតួនាទី ភារកិច្ច នៃការទទួលខុសត្រូវ ក្រោមពាក្យស្លោក “មន្ត្រីសុខាភិបាលជាអ្នកបម្រើសេវាសាធារណៈជូនប្រជាជនដោយស្មោះត្រង់” និង “ទុក្ខលំបាករបស់អ្នកជំងឺ គឺជាទុក្ខលំបាករបស់គ្រូពេទ្យ”។ ពិសេសការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និង ប្រជាពលរដ្ឋ ព្រមទាំងការគាំទ្រថវិកា សម្ភារៈ ពីអង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដែលធ្វើឲ្យយើងទាំងអស់គ្នាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៥០) ហើយនៅក្នុងបញ្ចកោណទី១ នៃគោលនយោបាយយុទ្ធសាស្ត្រ គឺកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចំបងៗ និងការលើកកម្ពស់សុខភាពបន្តពូជមាតា ទារក និងកុមារ ដែលនៅក្នុងកម្មវិធីគោលនយោបាយនៃអាទិភាពទី១ គឺ“ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្រប់ដណ្តប់សុខភាពជាសកលផ្តោត ទៅ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអនុវត្តវិធានការគន្លឹះរួមមាន៖ ១/-ការពង្រឹង សមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្រុង/ស្រុក ។ ២/-ការអភិវឌ្ឍសមត្ថភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ៣/-កសាងភាពជាដៃគូ រឹងមាំ រវាង វិស័យសុខាភិបាលសាធារណៈ និងឯកជនផងដែរ ។

ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការបានជំរុញដល់ មណ្ឌលសុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើមន្ត្រីសុខាភិបាលកុំឲ្យគាត់មានការថ្នាំងថ្នាក់ អស់ជំនឿមកលើមន្ត្រីសុខាភិបាលដែលកំពុងបម្រើសេវាសុខភាពនៅទីនោះឡើយ ។ មួយ​វិញទៀតត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋ ដោយសហការជាមួយមន្ទីរពាក់ព័ន្ធ ៕